១១ខែឆ្នាំនេះ៖ ប្រភពចំណូលធំៗ៤ ជំរុញឱ្យចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញ កើនឡើងរហូត២២%

សង្គម​និង​សេដ្ឋកិច្ច

(រាជធានីភ្នំពេញ)៖ កំពង់ផែស្វយ័តភ្នំពេញ នៅល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ បានប្រកាសឱ្យដឹងថា រយៈពេល១១ខែ ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជិត៤០លានដុល្លារ​ ខណៈចំណូលនេះ គឺទទួលបានពីប្រភពសំខាន់ៗចំនួន៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពចំណូលដែលទទួលបានចំនួន៣៧,០៤៩,២៧៨ដុល្លារ កើនឡើង២២ភាគរយ បើធៀបរយៈពេលដូចគ្នា នឹងឆ្នាំ២០២១ ដែលមានចំនួនត្រឹម ៣០,៣៩០,១៧២ដុល្លារ។ ក្នុងនោះ រយៈពេល១១ខែ ឆ្នាំ២០២២នេះ ត្រូវបានកំពង់ផែស្វយ័តភ្នំពេញ អះអាងថា ប្រភពធំៗរួមមាន៖ ទី១៖ ចំណូលពីប្រតិបត្តិការផែ មានចំនួន ២៩,១៧១,២៨២ដុល្លារ។ ទី២៖ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ៣,៧៨១,៧៧២ដុល្លារ។ ទី៣៖ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ២៧២,៦៣២ដុល្លារ។ និង ទី៤៖ ចំណូលផ្សេងៗ មានចំនួន ៣,៨២៣,៥៩២ដុល្លារ។

បើតាមកំពង់ផែស្វយ័តភ្នំពេញ ក្រៅពីរកចំណូលបានជាង៣៧លានដុល្លារហើយនោះ ដោយឡែក ចំពោះលទ្ធផលការងារអាជីវកម្ម សេវាកម្ម អនុវត្ដសម្រាប់១១ខែ ឆ្នាំ២០២២ របស់កំពង់ផែនេះ ក៏សម្រេចបានលើសកម្មភាពសំខាន់ៗចំនួន៥ ថែមទៀតផងដែរ ដែលនៅក្នុងនោះរួមមាន៖ ទី១៖ ទំនិញ-ប្រេងឥន្ធនៈមានចំនួន ៣,៦៤៦,០២៩តោន កើនឡើង៣.៥៨% បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១ ចំនួន ៣,៥១៩,៨៤៤តោន។ ទី២៖ នាវាផ្ទុកទំនិញឆ្លងកាត់ មានចំនួន ៣,២៧១ជើង កើនឡើងជាង៥៤ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន២,១១៤ជើង។ ទី៣៖ បរិមាណកុងតឺន័រ មានចំនួន ៣៨៣,២៦១ធីអ៊ីយូ កើនឡើងជាង២០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន៣១៥,៦៩២ធីអ៊ីយូ។ ទី៤៖ នាវាទេសចរណ៍ មានចំនួន៧៨ជើង កើនឡើង៧៨ ភាគរយ។ និងទី៥៖ បរិមាណអ្នកដំណើរ មានចំនួន៥,០៧៥នាក់ កើនឡើងជាង៥ពាន់ភាគរយ។

គូសបញ្ជាក់ថា នៅឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវប្រាក់ចំណេញចំនួន១២,៧០៧,៨៣១ដុល្លារ។ នេះបើតាមសេចក្តីប្រកាសរបស់កំពង់ផែនេះ ថែមទៀត៕