ដើម្បីឆ្លើយតបទៅនឹងការសន្យាកន្លងមក ក៏ដូចជាការគិតគូរដល់បរិយាកាសសិក្សារបស់កុមារ និងរួមចំណែកលើកកម្ពស់ការអប់រំនៅកម្ពុជា លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិនៃក្រុមហ៊ុន PIC Tire Co.,Ltd (ភីអាយស៊ី ថាយអ៊ើ ខូអិលធីឌី) បានដឹកនាំក្រុមការងារ PICG ចំណាយពេល ២ថ្ងៃពេញ ក្នុងការចុះជួយរៀបចំ និងផាត់ពណ៌របងសាលាដូងគិរីរម្យឱ្យមានសោភណ្ឌភាពឡើងវិញ។

នៅក្នុងសកម្មភាពមនុស្សធម៌ និងបរិស្ថាននេះ ក្រុមការងារ PICG បានប្រមូលសំបកកង់រថយន្តចាស់ៗដែលបានប្រើប្រាស់រួច យកទៅលាបពណ៌ចម្រុះយ៉ាងស្រស់ស្អាត ដើម្បីច្នៃធ្វើជាផើងផ្កា និងសម្ភារៈប្រើប្រាស់ផ្សេងៗសម្រាប់លម្អតាមរបងសាលា។ គំនិតច្នៃប្រឌិតនេះ មិនត្រឹមតែជួយបង្កើតបរិយាកាសរីករាយដល់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការបោះចោលកាកសំណល់ ដែលនាំឱ្យប៉ះពាល់ និងបំពុលដល់បរិស្ថានផងដែរ។
នៅលើបណ្ដាញសង្គមផ្លូវការរបស់ PIC Group កាលពីពេលថ្មីៗនេះ ក្រុមការងារ PIC Group បានឱ្យដឹងថា«ដោយក្ដីស្រឡាញ់ចំពោះក្មេងៗ និងការសិក្សារបស់សិស្សនៅសាលាដូង ក្រុមការងារ PICG បានចំណាយពេល២ថ្ងៃពេញ ដើម្បីជួយរៀបចំ ផាត់ពណ៌របងសាលាដូងឱ្យមានសោភណ្ឌភាពសម្រាប់សិស្សានុសិស្សគ្រប់រូប»។
ទន្ទឹមនឹងសកម្មភាពកែច្នៃសំបកកង់ឡាននេះ ក្រុមការងារ PICG ក៏បានប្រកាសប្ដេជ្ញាចិត្ដខ្ពស់ក្នុងការបន្តចូលរួមការងារសង្គមជាច្រើនទៀត ដើម្បីលើកកម្ពស់វិស័យអប់រំ។
គួររំលឹកផងដែរថា កាលពីខែមេសា ឆ្នាំ២០២៦ កន្លងទៅ ក្រុមហ៊ុន PICG ដែលជាអ្នកទទួលបានសិទ្ធិចែកចាយផ្ដាច់មុខលើផលិតផលសំបកកង់ឡានម៉ាក «សៃលុន» (Sailun) បានឧបត្ថម្ភថវិកាចំនួន ២,០០០ ដុល្លារអាមេរិក រួមទាំងថវិកាប្រចាំខែចំនួន ៥០០ ដុល្លារអាមេរិកបន្ថែមទៀត ដើម្បីជួយទ្រទ្រង់ដំណើរការរបស់សាលាដូងដែលកំពុងជួបការខ្វះខាត។
លើសពីនេះ លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងគិរីរម្យ ធ្លាប់បានបង្ហើបផែនការក្នុងឆ្នាំ២០២៧ថា ៖ «ផែនការនៅក្នុងឆ្នាំ២០២៧ អគារសិក្សារបស់ សៃលុន ចំពោះសាលាដូង យើងនឹងប្រើប្រាស់សំបកកង់សៃលុន មកធ្វើជាថ្នាក់រៀនទាំងអស់។ ដូច្នេះយើងធ្វើជាអគាររបស់សៃលុន ឬថ្នាក់រៀនសៃលុន ដែលជាយុទ្ធសាស្ត្រមួយ ដើម្បីជួយក្នុងការបណ្តុះបណ្តាលក្មេងៗ។»
សូមបញ្ជាក់ថា PIC Group គឺជាក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយដែលបង្កើតឡើងដោយកូនខ្មែរ និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងទទួលបានសិទ្ធិចែកចាយផ្តាច់មុខលើផលិតផលប្រេងម៉ាក PETRONAS និងសំបកកង់រថយន្តម៉ាក សៃលុន (Sailun) ដែលជាផលិតផលផលិតក្នុងស្រុកដោយប្រើប្រាស់ជ័រកៅស៊ូខ្មែរផ្ទាល់ និងមានរោងចក្រខ្នាតយក្សស្ថិតនៅក្នុងខេត្តស្វាយរៀង។ វត្តមានរបស់ក្រុមហ៊ុនផលិតសំបកកង់រថយន្តដ៏ធំមួយនេះ មិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចជាតិ និងការងារសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកផ្តល់ឱកាសការងារយ៉ាងច្រើនពាន់កន្លែងជូនដល់ប្រជាពលរដ្ឋខ្មែរទៀតផង៕





















