ពីកូនអ្នកក្របំផុតក្នុងភូមិមកជា CEO! លោក គឹន ឧត្តមមុនីស៊ីណាត ចែករំលែកប្រវត្តិជូរចត់កាលនៅកុមារ ក្នុងពេលដឹកនាំ ក្រុមការងារច្នៃសំបកកង់ឡានម៉ាក សៃលុន លម្អសាលាដូង(គិរីរម្យ)

សង្គម​ និង​សេដ្ឋកិច្ច

លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិនៃក្រុមហ៊ុន PIC Tire Co.,Ltd កាលពីពេលថ្មីៗនេះ បានដឹកនាំក្រុមការងារ PICG ចំណាយពេល ២ថ្ងៃពេញ ចុះប្រមូលសំបកកង់ឡានចាស់ៗដែលប្រើប្រាស់រួច យកទៅលាបពណ៌ចម្រុះកែច្នៃជាសម្ភារៈលម្អរបងសាលាដូងគិរីរម្យ។ ក្នុងឱកាសនោះ លោកក៏បានទម្លាយប្រវត្តិជីវិតដ៏ជូរចត់ និងផ្ដល់ជាសារដាស់តឿនដ៏មានតម្លៃ ដល់សិស្សានុសិស្សនៅក្នុងសាលាឱ្យខិតខំរៀនសូត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គឹន ឧត្តមមុនីស៊ីណាត បានរំឭកពីប្រវត្តិដ៏មហាវេទនារបស់លោកថា កាលពីក្មេង គ្រួសារលោកមានសមាជិកដល់ទៅ ១១នាក់ (បងប្អូន ៨នាក់ លោកជាកូនទី៥) និងជាគ្រួសារដែលក្រីក្របំផុតនៅក្នុងភូមិ។ លោកបានប្រៀបធៀបថា ក្មេងៗបច្ចុប្បន្នមានឱកាសល្អខ្លាំងណាស់ដោយសារប្រទេសជាតិរីកចម្រើន ខុសពីសម័យលោកនៅកុមារ ដែលមិនស្គាល់សូម្បីតែជាតិមានសៀវភៅ ប៊ិច ឬសម្លៀកបំពាក់ថ្មីៗ។

លោកបន្ថែមទាំងក្តុកក្តួលថា រាល់ពេលដល់ថ្ងៃចូលរៀនម្តងៗ ម្តាយរបស់លោកតែងតែអង្គុយស្រក់ទឹកភ្នែក ដោយសារគ្មានលទ្ធភាពទិញសម្ភារៈសិក្សាឱ្យកូនៗ ហើយបងប្អូនទាំង ៨នាក់ មានលុយទៅរៀនត្រឹមតែ ២០០រៀលប៉ុណ្ណោះ។ ដោយសារតែជីវភាពខ្វះខាតខ្លាំងពេក លោកធ្លាប់បានសម្រេចចិត្តបោះបង់ការសិក្សាចោលម្តង កាលនៅរៀនថ្នាក់ទី៧ ឬទី៨ ដោយសារគិតបែបក្មេងខ្ចីថា «តើរៀនដើម្បីអ្វី បើគ្រួសារក្រលំបាកដល់ថ្នាក់ហ្នឹង?»។ ប៉ុន្តែក្រោយមក លោកក៏បានតស៊ូចាប់ផ្តើមរៀនសូត្រឡើងវិញ រហូតទទួលបានជោគជ័យដូចបច្ចុប្បន្ន។

លោកបានសង្កត់ធ្ងន់ទៅកាន់សិស្សានុសិស្សថា៖ «ការលំបាកមិនមែនជាឧបសគ្គនោះទេ ឧបសគ្គពិតប្រាកដគឺនៅត្រង់ថា យើងបោះបង់ការសិក្សាចោល។ មកដល់ពេលនេះ ពូមិនទាន់ឃើញរូបមន្តណាល្អជាងការសិក្សារៀនសូត្រឡើយ។ គ្មានដើមទុនអ្វីនៅក្នុងជីវិតនេះ ល្អជាងការរៀនសូត្រនោះទេ។ អ្នកណាៗក៏អាចបោះបង់ក្មួយៗចោលបានដែរ ប៉ុន្តែចំណេះដឹងមិនដែលរត់ចោល ឬបោះបង់ក្មួយៗឡើយ»។

សូមជម្រាបជូនថា សាលាដូងគិរីរម្យ បានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ ២០១៨ ប៉ុន្តែត្រូវបានផ្អាក ២ឆ្នាំដោយសារវិបត្តិកូវីដ-១៩ រហូតដល់ដើមឆ្នាំ ២០២១ ទើបបើកដំណើរការឡើងវិញ ក្រោមការជ្រោមជ្រែងពីសាធារណៈជន និងក្រុមហ៊ុនឯកជន។ បច្ចុប្បន្ន សាលានេះមានសិស្សានុសិស្សចំនួន ១៦២នាក់ ដែលភាគច្រើនជាក្មេងកំព្រា និងក្មេងមកពីគ្រួសារក្រីក្ររស់នៅជុំវិញតំបន់ភ្នំគិរីរម្យ។

ដើម្បីទ្រទ្រង់សាលារៀនមួយនេះ កាលពីខែមេសា ឆ្នាំ២០blank កន្លងទៅ ក្រុមហ៊ុន PICG ដែលជាអ្នកទទួលបានសិទ្ធិចែកចាយផ្ដាច់មុខលើផលិតផលសំបកកង់ឡានម៉ាក «សៃលុន» (Sailun) បានឧបត្ថម្ភថវិកាចំនួន ២,០០០ ដុល្លារអាមេរិក រួមទាំងថវិកាប្រចាំខែចំនួន ៥០០ ដុល្លារអាមេរិកបន្ថែមទៀត។

គួររំឭកផងដែរថា PIC Group គឺជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ដោយបច្ចុប្បន្នទទួលបានសិទ្ធិផ្តាច់មុខចែកចាយប្រេងម៉ាក PETRONAS និងសំបកកង់រថយន្តម៉ាក សៃលុន (Sailun) ដែលផលិតចេញពីជ័រកៅស៊ូខ្មែរផ្ទាល់ នៅក្នុងរោងចក្រខេត្តស្វាយរៀង។ ក្រុមហ៊ុនខ្នាតយក្សមួយនេះ ក៏កំពុងរួមចំណែកផ្តល់ឱកាសការងារជាច្រើនពាន់កន្លែង ជូនដល់ប្រជាពលរដ្ឋខ្មែរផងដែរ៕