បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានកើនដល់ចំនួន ៦៥ តំបន់ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេស ចំនួន ៣៩ កំពុងដំណើរការយ៉ាងសកម្ម។ នេះបើយោងតាមដំណើរបំពេញទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសស៊ីន បាវិត និងតំបន់សេដ្ឋកិច្ចពិសេស ហ្វ័រសុន ហ្គីហ្គារបស់គណៈប្រតិភូ ដឹកនាំដោយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅខេត្តស្វាយរៀង កាលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។

នៅក្នុងដំណើរទស្សនកិច្ចនេះដែរ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានកើនដល់ចំនួន ៦៥ តំបន់ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេស ចំនួន ៣៩ កំពុងដំណើរការយ៉ាងសកម្ម និងបានស្រូបទាញកំលាំងពលកម្មក្នុងស្រុកសរុបជាង ២៥ម៉ឺននាក់ ហើយមានតម្រូវការជាង ៣៥ ពាន់នាក់បន្ថែមទៀតផងដែរ។

គណៈកម្មាធិការវិនិយោគកម្ពុជា បានបញ្ជាក់ទៀតថា តំបន់សេដ្ឋកិច្ចពិសេស បានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ជាពិសេស បាននាំមកនូវចង្កោមឧស្សាហកម្មថ្មីៗជាពិសេសឧស្សាហកម្មផលិតសំបកកង់រថយន្ត, ឧស្សាហកម្មផ្គុំនិងដំឡើងយានយន្ត, ឧស្សាហកម្មដំឡើងកង់, ឧស្សាហកម្មផលិតសម្ភារៈអេឡិកត្រូនិចគ្រប់ប្រភេទ, ឧស្សាហកម្មផលិតគ្រឿងបង្គុំសង្ហារិម និងផលិតផលគ្រឿងសង្ហារិម ជាដើម ដែលផ្តល់ការងារនិងប្រាក់បៀវត្សសមរម្យ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
រាជរដ្ឋាភិបាលថា កំណើនតំបន់សេដ្ឋកិច្ចពិសេស នេះក៏ជាការបង្ហាញពីជំនឿទុកចិត្តរបស់វិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលទោះក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសាកល ក៏ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងការបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅតែបន្តបោះជំហានទៅមុខឥតឈប់ឈរ៕ អត្ថបទ៖ហ្សាលីន

