ផ្អាកចរាចរបណ្តោះអាសន្ន នៅលើផ្លូវជាតិលេខ៤ ចំណុច​ស្ពាន​ស្ទឹង​សំរោង ដោយ​សារ​ជំនន់​ទឹកភ្លៀង

សង្គម​និង​សេដ្ឋកិច្ច

អាជ្ញាធរខេត្តព្រះសីហនុ បានផ្អាកចរាចរបណ្តោះអាសន្ននៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុច​ស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការផ្អាកនេះដោយសារតែមកដល់ម៉ោង៤:១៥នាទីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នេះ កម្រិតជំនន់​ទឹកភ្លៀងបាន​កើនឡើងជាលំដាប់ ហើយបានជន់លិចទាំងស្រុងកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ។ ស្ថានភាព​បែប​នេះមិនអាចអនុញ្ញាឱ្យ យានយន្តគ្រប់ប្រភេទ​ធ្វើ​ដំណើរឆ្លងកាត់ទីតាំងនោះបានទៀតទេ។

ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងដើម្បីថែរក្សាគុណភាពផ្លូវ ស្ពាន កុំឱ្យ មានការ​បាក់ស្រុត ធានា​ប្រើ​ប្រាស់បានយូរអង្វែង រដ្ឋបាលខេត្តព្រះសីហនុ បានផ្អាកចរាចរបណ្តោះ អាសន្ន​ចំពោះ​យានយន្តគ្រប់ប្រភេទ ត្រង់​ចំណុច​គីឡូម៉ែត្រ លេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរ បាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចាប់ពីម៉ោង​៥ល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

រដ្ឋបាលខេត្តព្រះសីហនុ បានណែនាំក្នុងករណីក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្ត និងសាធារណជន មានបំណងធ្វើ​​ដំណើរ​តាម​ផ្លូវជាតិលេខ៤ ទៅមកខេត្តព្រះសីហនុ សូមធ្វើដំណើរវាងតាមផ្លូវជាតិ​លេខ៣ជំនួសវិញ៕ អត្ថបទ៖ ពុធិកា