គណៈប្រតិភូវិនិយោគិនកូរ៉េ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា ខណៈវិនិយោគិនកូរ៉េ ប្ដេជ្ញាជំរុញកំណើនវិនិយោគ ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។ ការប្តេជ្ញានេះ បានធ្វើឡើងក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក KIM Chang Yong ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងសម្របសម្រួលដោយ សភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា (KOCHAM) និង WorldBridge Group។

នាឱកាសនោះ គណៈប្រតិភូវិនិយោគិនកូរ៉េ បានបញ្ជាក់ថា គណៈប្រតិភូ មានតំណាងក្រុមហ៊ុនចំនួន ១៥ មកពីវិស័យគន្លឹះៗដូចជា៖ យានយន្ត, អេឡិចត្រូនិក, វាយនភណ្ឌ, ការចែកចាយ និងម្ហូបអាហារ, ហិរញ្ញវត្ថុ និងធនាគារ, សំណង់, ព្រមទាំងការកម្សាន្ត និងវប្បធម៌ ។
ដំណើរទស្សនកិច្ចធុរកិច្ចនាពេលនេះ គឺដើម្បីរួមចំណែកពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាង កូរ៉េ-កម្ពុជា ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងមានគោលបំណងស្វែងយល់ពីស្ថានភាពទីផ្សារនៅកម្ពុជា ដើម្បីកំណត់ទិសដៅពង្រីកអាជីវកម្មបន្ថែម ក៏ដូចជាចំណាប់អារម្មណ៍របស់ក្រុមហ៊ុនកូរ៉េថ្មីៗផ្សេងទៀត ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។

ក្នុងចំណោមក្រុមហ៊ុនទាំង១៥, មានក្រុមហ៊ុនចំនួន ៧ កំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា និង ៦ក្រុមហ៊ុនទៀត កំពុងវិនិយោគនៅប្រទេសវៀតណាម ដែលមានចំណាប់អារម្មណ៍ខ្ពស់ក្នុងការពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួនមកកាន់កម្ពុជា។ គណៈប្រតិភូវិនិយោគិនកូរ៉េ ក៏បានប្ដេជ្ញាចិត្តជំរុញការវិនិយោគ សំដៅចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍បណ្ដាក្រុមហ៊ុនកូរ៉េក្នុងការស្វែងរកឱកាសពង្រីកការវិនិយោគ ក៏ដូចជាការស្វែងរកឱកាសការវិនិយោគថ្មីៗទៀត លើវិស័យសក្កានុពលជាច្រើនទៀតនៅកម្ពុជា។ សម្តេចធិបតីបានគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់នានារបស់រដ្ឋាភិបាល ក្នុងការលើកទឹកចិត្តដល់វិនិយោគិន។ ជាមួយគ្នានេះដែរ សម្តេចធិបតី ក៏បានទឹកចិត្តឱ្យបណ្តាក្រុមហ៊ុនកូរ៉េកូរ៉េ បន្តសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកឱកាសជាក់ស្តែងក្នុងការពង្រីកការវិនិយោគ ក៏ដូចជាការវិនិយោគថ្មីៗនៅកម្ពុជា៕ អត្ថបទ៖ហ្សាលីន


