រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានរបស់ថៃមកលើអធិបតេយ្យ
និងបូរណភាពទឹកដីរបស់កម្ពុជានៅតាមបណ្ដោយព្រំដែន។

បើយោងតាមសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានឱ្យដឹងថា នៅចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាព ឈូសឆាយដីធ្វើផ្លូវថ្មីនៅចន្លោះបង្គោលព្រំដែនលេខ៨ និងលេខ៩ ក្នុងតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលរំលោភចូលជ្រៅទៅក្នុងទឹកដីកម្ពុជា។ ការរំលោភបំពានបន្ថែមទៀត បានកើតឡើងនៅចន្លោះថ្ងៃទី១៥ ដល់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយកងកម្លាំងប្រដាប់អាវុធថៃបានបន្តធ្វើសកម្មភាពឈូសឆាយដីធ្វើផ្លូវ និង រាយបន្លាលួស នៅចន្លោះបង្គោលព្រំដែនលេខ១៩ និងលេខ២០ ក្នុងតំបន់ជប់ដើមខ្នុរ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ក្រសួងការបរទេស ចាត់ទុកសកម្មភាពទាំងនេះ គឺជាការរំលោភបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ ព្រះរាជាណាចក្រកម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមាតាមផែនទីខ្នាត ១:២០០.០០០ ផលិតដោយ គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញ ឆ្នាំ១៩០៧។ សកម្មភាពទាំងនេះ ក៏រំលោភបំពានផងដែរលើមាត្រា៥ នៃMoU ឆ្នាំ២០០០ ព្រមទាំងបំពានលើចំណុចទី១ (វិធានការកាត់បន្ថយភាពតានតឹង) នៃសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានព្រមព្រៀង គ្នាប្រគល់ជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោគ (JBC)ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលព្រំដែនឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬ ការទាមទារទឹកដីជាឯកតោភាគីរបស់ប្រទេសថៃនោះឡើយ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើ និង មិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជាទាក់ទងនឹងខ្សែបន្ទាត់ព្រំដែនអន្តរជាតិ របស់ខ្លួនឡើយ។
រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យប្រទេសថៃបញ្ឈប់សកម្មភាពបែបនេះនៅក្នុងតំបន់ដែលបានលើកឡើង ខាងលើ ក៏ដូចជានៅតំបន់ផ្សេងទៀត ដែលត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ តាំងពីឆ្នាំមុន ដើម្បីកាត់បន្ថយភាពតានតឹង ជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក សម្របសម្រួលដល់ការ ដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាង ល្អនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។
កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយរាល់ជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំង ប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្ដូរដោយប្រើកម្លាំងនោះឡើយ៕



