សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នាពេលខាងមុខ។

ជាមួយគ្នានេះ កាលពីថ្ងៃទី២៣ ខែកក្កដា លោក កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យសម្តេចរដ្ឋសភាធិបតី ក៏បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ រៀបចំផែនការសកម្មភាព ពិធីការ និងបច្ចេកទេសផ្សេងៗ ដើម្បីធានាឱ្យដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដំណើរទៅដោយរលូននិងជោគជ័យ។

គួរជម្រាបផងដែរថា ការបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នេះតបតាមការអញ្ជើញរបស់ លោក ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ដំណើរទស្សនកិច្ចនេះ គឺដើម្បីរឹតចំណងមិត្តភាពកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត ទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព យូរអង្វែង»៕

