សហព័ន្ធស្រូវអង្ករកម្ពុជា មានអាយុកាល១ទស្សវត្សរ៍ហើយ ខណៈកាលពីថ្ងៃទី១៦ ខែមិថុនា គឺជាខួប ១០ឆ្នាំនៃការបង្កើតស្ថាប័ននេះ ។ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្មវិធីនេះមានគោលបំណង ដើម្បីធ្វើការបង្ហាញអំពីសមិទ្ធផលនៃវិស័យស្រូវអង្ករកម្ពុជា ក្រោយការបង្កើតឡើងនូវសហព័ន្ធស្រូវអង្ករកម្ពុជា ជាពិសេសដើម្បីបង្កើនសាមគ្គីភាពបន្ថែមទៀតរវាងសមាជិកទាំងអស់របស់សហព័ន្ធ ព្រមទាំងផ្តល់នូវព័ត៌មានវឌ្ឍនភាពនៃវិស័យស្រូវអង្ករនៅកម្ពុជាដល់សមាជិក និងភាគីពាក់ព័ន្ធផងដែរ។


គួរបញ្ជាក់ថា ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ សហព័ន្ធស្រូវអង្ករកម្ពុជាបានដើរតួយ៉ាងសំខាន់ និងភាពជាតំណាងឱ្យវិស័យ សម្រាប់ការចរចា និងការពារផលប្រយោជន៍ដល់វិស័យស្រូវអង្ករកម្ពុជា តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង អាណាព្យាបាលផ្នែកបច្ចេកទេស ក្រសួង ស្ថាប័នពាក់ព័ន្ធ និងការជំរុញការធ្វើពិពិធកម្មទីផ្សារ បច្ចេកវិទ្យា និងការធ្វើការជាមួយដៃគូអន្តរជាតិលើការអភិវឌ្ឍ ការពង្រឹងខ្សែច្រវាក់ផលិតកម្ម ខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់ របស់ វិស័យនេះឱ្យកាន់តែមានឧត្ដមភាពបន្ថែមទៀតផងដែរ ដែលជាហេតុធ្វើឱ្យផលិតកម្មស្រូវនៅកម្ពុជាបានកើនឡើងដល់ជិត ១៤លានតោន នៅឆ្នាំ២០២៤ និងការនាំចេញអង្ករកម្ពុជាប្រមាណជាជាង ៦០ម៉ឺនតោនប្រចាំឆ្នាំ។

ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ៣៤៤ ១៩៩តោន ដែលគិតជាទឹកប្រាក់ជាង ២៥២លានដុល្លារអាម៉េរិក ទៅកាន់ទីផ្សារចំនួន៦៣នៅជុំវិពិភពលោក។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។
បរិមាណនៃការនាំចេញនេះ ត្រូវបានធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៦០ ៧៣២ តោន គិតជាទឹកប្រាក់ចំនួន ១២៦.៧៥ លានដុល្លារសហរដ្ឋអាម៉េរិក។
ជាមួយគ្នានោះដែរ កម្ពុជាក៏បាននាំចេញទៅកាន់ប្រទេសចិន និងហុងកុង ចំនួន៩០ ៦៦៥ តោន គិតជាទឹកប្រាក់ចំនួន ៥៣.២៥ លានដុល្លារសហរដ្ឋអាម៉េរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន ៤៩ ៧០០ តោន គិតជាទឹកប្រាក់ចំនួន ៣៤.៥៦ លានដុល្លារសហរដ្ឋអាម៉េរិក និងទៅកាន់គោលដៅ ៣០ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាម៉េរិក កាណាដា អូស្ត្រាលី នូវែលសេឡង់។ល។ បានចំនួន៤៣ ០៩៩ តោន គិតជាទឹកប្រាក់ចំនួន៣៧.៨០លានដុល្លារសហរដ្ឋអាម៉េរិក៕
