នាយករដ្ឋមន្ត្រីជប៉ុន បង្ហាញក្តីសង្ឃឹមខ្ពស់លើកម្ពុជាបង្កើតយន្តការដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា

សង្គម​និង​សេដ្ឋកិច្ច

លោក FUMIO Kishida នាយករដ្ឋមន្ត្រីជប៉ុន បានគាំទ្រចំពោះការបំពេញតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ជាពិសេសនោះគឺគំនិតផ្តួចផ្តើម និងកិច្ចការនានាដែល សម្តេចជោ ហ៊ុន សែន ព្យាយាមបង្កើតយន្តការដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា។ លោកបង្ហាញក្តីសង្ឃឹមខ្ពស់ផងដែរចំពោះកម្ពុជាដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំនឹងអាចចូលរួមចំណែកដោះស្រាយបញ្ហាផ្សេងៗទៀតដែលអាស៊ានកំពុងមានកង្វល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក JUMIO Kishida បង្ហាញជំនឿលើប្រមុខដឹកនាំកម្ពុជា ក្នុងជំនួបពិភាក្សាជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកម្បូជា ក្នុងបេសកកម្មទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែកុម្ភៈនេះ។

នាយករដ្ឋមន្រ្តីជប៉ុន បានគូសបញ្ជាក់ថា ជប៉ុនចាត់ទុកកម្ពុជាមិត្តដ៏ល្អ និងចង់ឱ្យជប៉ុន-កម្ពុជា មានទំនាក់ទំនងកាន់តែសុីជម្រៅ និងជាដៃគូក្នុងការថែរក្សាសន្តិភាពនៅក្នុងតំបន់ និងពិភពលោក ជាពិសេសការគាំទ្រដល់យុទ្ធសាស្ត្រ FOIP ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពរួម។

ថ្លែងក្នុងជំនួបនាពេលនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្លាប់ជាប្រទេសទទួលកម្លាំង PKO ក្នុងឆ្នាំ ១៩៩២-១៩៩៣ បច្ចុប្បន្ន កម្ពុជាជាប្រទេសចូលរួមចំណែកការពារថែរក្សាសន្តិភាព ដោយបានបញ្ជូនកម្លាំងក្រោមឆ័ត្រអង្គការសហប្រជាជាតិទៅកាន់បណ្តាប្រទេសនានាជាច្រើនដែលកំពុងមានជម្លោះ។

ទន្ទឹមនឹងនោះលោកក៏បានបញ្ជាក់ផងដែរអំពីជំហររបស់កម្ពុជាក្នុងការខិតខំរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ធ្វើយ៉ាងណាឱ្យមានវិបុលភាពរួមសម្រាប់ទាំងអស់គ្នា។ ក្រៅពីនេះលើឆាកអន្តរជាតិ កម្ពុជា-ជប៉ុន ជានិច្ចជាកាលតែងតែគាំទ្រគ្នាទៅវិញទៅមកជាប់ជាប្រចាំផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត បានផ្តួចផ្តើមគំនិតក្នុងការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ពីដៃគូយុទ្ធសាស្រ្ត ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រសិនបើអាចនៅពេលអនាគត៕