រដ្ឋាភិបាល សម្រេចឱ្យផ្អាកការផ្តល់សេវារដ្ឋបាលលើការធ្វើបែបទអាជីវកម្ម របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចឱ្យផ្អាកការផ្តល់សេវារដ្ឋបាលលើការធ្វើបែបទអាជីវកម្ម របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ចាប់ពីពេលនេះតទៅ។ នេះបើយោងតាម សេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជាលេខ ១០០ ស.ស.រ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ស្ដីពីការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួន របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទធ្វើអាជីវកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញសេចក្តីសម្រេចខាងលើនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ថ្មីៗនេះមានការផ្សព្វផ្សាយពត៌មានមួយចំនួន ពាក់ពន្ធ័នឹងការតម្រូវឱ្យស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបន្តសុពលភាពអាជីវកម្ម នៅការិយាល័យច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលការណ៍នេះបានបង្កឱ្យមានការព្រួយបារម្ភ ក្នុងចំណោម ប្រជាពលរដ្ឋ ដែលបាន និងកំពុងប្រកបអាជីវកម្ម, មុខរបរ និង ការងារ តូចតាចនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា៖«​ ក្រោយពីបានពិភាក្សាជាមួយ ឯឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខ្ញុំបានចេញសេចក្តីសម្រេចផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួន របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទធ្វើអាជីវកម្ម ដូចមានចែងនៅក្នុងសេចក្តីសម្រេច»។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ផ្តល់អាទិភាពខ្ពស់បំផុតចំពោះ ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨ ដែលនឹងត្រូវឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខ ដើម្បីបង្កលក្ខណៈងាយស្រួល, ព្រមទាំងផ្តល់ប្រយោជន៍, ថែបំប៉ន និងលើកកម្ពស់ការយល់ដឹង ដល់អ្នកប្រកបអាជីវកម្ម, មុខរបរ និងការងារ ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ៕

អត្ថបទ៖ ពិសី