ការផ្លាស់ប្ដូរទំនិញពាណិជ្ជកម្មជាមួយគ្នារវាងប្រទេសកម្ពុជា-វៀតណាម បានធ្វើឱ្យមានកំណើនពាណិជ្ជកម្មលើសពី១០ពាន់លានដុល្លារ ខណៈប្រទេសទាំងពីរ ក៏ប្តេជ្ញាជំរុញឱ្យឡើងដល់២០ពាន់លានដុល្លារនាពេលខាងមុខផងដែរ។


នេះបើយោងជំនួបពិភាក្សារវាង សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយលោក ត្រិន កឹមទូ (Tran Cam Tu) សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម កាលថ្ងៃ១០ ខែមេសា ឆ្នាំ២០២៦។
ក្នុងជំនួបនោះ លោក ត្រិន កឹមទូ បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាមនៅ នៅតាមព្រំដែនក៏ដូចជាការផ្លាស់ប្ដូរទំនិញពាណិជ្ជកម្មជាមួយគ្នាប្រទេសទាំងពីរបានធ្វើឱ្យមានកំណើនពាណិជ្ជកម្មលើសពី១០ពាន់លានដុល្លារ ហើយនៅពេលបច្ចុប្បន្នកម្ពុជា និងវៀតណាមកំពុងតែមានមហិច្ឆតាក្នុងការសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមឱ្យឡើងដល់២០ពាន់លានដុល្លារ។

ជាមួយគ្នានេះ សម្ដេចតេជោ បានចាត់ទុកទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ គឺជាចំណុចស្នូលដ៏សំខាន់នៃទំនាក់ទំនង រវាងកម្ពុជា និងវៀតណាម។សម្ដេចតេជោចង់ឃើញប្រទេសទាំងពីរសម្រេចបាននូវទំហំពាណិជ្ជកម្មដល់២០ពាន់លានដុល្លារ តាមការគ្រោងទុក។
បន្ថែមពីលើនោះ សម្ដេចតេជោក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសភា ស្ថាប័នរដ្ឋ និងស្ថាប័នបក្សដែលប្រទេសទាំងពីរកំពុងតែពូនជ្រំ។ ជាមួយគ្នានេះសកម្មភាពដែលត្រូវពង្រឹងបន្ថែមទៀតឱ្យកាន់តែស៊ីជម្រៅនោះគឺនៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំងស្ថាប័ននីតិបញ្ញត្តិ ទាំងស្ថាប័នរដ្ឋ និងស្ថាប័នគណបក្ស៕អត្ថបទ៖ហ្សាលីន


