សម្ដេចធិបតី រំពឹងថា ការចែកប័ណ្ណកម្មសិទ្ធដីធ្លីនៅទូទាំងប្រទេស នឹងចប់សព្វគ្រប់នៅចុងឆ្នាំ២០២៧

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រំពឹងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីធ្លីជូនប្រជាពលរដ្ឋឱ្យបានចប់តាមទិសដៅដែលបានកំណត់ ដែលគ្រោងបញ្ចប់នៅឆ្នាំ២០២៧ខាងមុខនេះ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់​ម្ចាស់​​​អចល​នវត្ថុចំនួន ២៣ ០៧៦បណ្ណជូនប្រជាពលរដ្ឋក្នុងឃុំជ័យធំ ឃុំរ​កា​ជន្លឹង និងឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចបាន​ប្រគល់ភារកិច្ចជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបញ្ចប់ការងារវាស់វែង និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដែលគិតមកដល់បច្ចុប្បន្ននេះការវាស់វែងដីសរុបបាន​ចំនួន ១៣ ៩៥៦ ៤៧៩ ក្បាល​ដី ស្មើនឹង ១០៣ភាគរយនៃក្បាលដីប៉ាន់ស្មាន, ​ចេញបណ្ណបន្ថែម ២លាន ៦សែនបណ្ណ សរុប​ចំនួន ៩ ៦៤១ ៨៥៧បណ្ណ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សរុបចំនួន ៨ ៧៦៥ ៤១៩បណ្ណ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ជាលទ្ធផលក្នុងរយៈពេលជិត ៣ឆ្នាំមកនេះ យើងបានវាស់វែងបន្ថែមចំនួន ៦.៣លានក្បាលដី ចឹងសរុបតាំងពីអាណត្តិមុនមកដល់ពេលនេះបាន ១៤លានក្បាលដី, យើងបានចេញបណ្ណបន្ថែម ២.៦លានបណ្ណ សរុបទាំងអស់ជិត ១០លានបណ្ណ ដែលយើងបានចេញ ហើយបានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត ៩លានបណ្ណ ស្មើនឹង ៨៦%នៃក្បាលដី»។

ជាថ្មីម្តទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏រំពឹងថា ការវាស់វែង ការកំណត់ព្រំដី ការចុះបញ្ជី និងការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនឹងចប់សព្វគ្រប់នៅចុងឆ្នាំ២០២៧ខាងមុខនេះ ដើម្បីផ្តល់ភាពងាយស្រួលជូនពលរដ្ឋ និងឱ្យប្រជាពលរដ្ឋមានបណ្ណកម្មសិទ្ធក្នុងដៃតែម្តង ដែលនេះជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។

យ៉ាងណាមិញ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា យុទ្ធនាការវាស់វែង និងផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេស គឺជាយុទ្ធសាស្ត្រគន្លឹះ និងជាអាទិភាពខ្ពស់បំផុតមួយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តល់សុវត្ថិភាពផ្លូវច្បាប់លើការកាន់កាប់ដីធ្លី ការពារសិទ្ធិស្របច្បាប់របស់ម្ចាស់កម្មសិទ្ធិ និងកាត់បន្ថយទំនាស់ដីធ្លីនៅតាមមូលដ្ឋានឱ្យបានជាអតិបរមា។ ជាងនេះទៅទៀត សមិទ្ធផលនេះ គឺជាគ្រឹះដ៏រឹងមាំដែលធានាដល់ការគ្រប់គ្រងដែនដី ធ្វើបច្ចុប្បន្នភាពទិន្នន័យសុរិយោដី ការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ក៏ដូចជាការទាក់ទាញការវិនិយោគផងដែរ ៕ អត្ថបទ៖ហ្សាលីន