នាយករដ្ឋមន្ត្រីវៀតណាម ប្តេជ្ញាបន្តជំរុញអ្នកវិនិយោគរបស់ខ្លួនឱ្យមកបោះទុននៅកម្ពុជាបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

លោក ឡេ មិញ ហ៊ុង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបញ្ជាក់ថា វៀតណាមគាំទ្រ និងសហការឥតងាករេជាមួយកម្ពុជា ខណៈលោកក៏បានប្តេជ្ញាបន្តជំរុញអ្នកវិនិយោគរបស់ខ្លួនឱ្យមកបោះទុននៅកម្ពុជាបន្ថែមទៀតផងដែរ។នេះបើយោងតាមជំនួបពិភាក្សារវាងលោក ជាមួយសម្តេចធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា កាលរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្នុងពេលដែលសម្តេចប្រធានរដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសវៀតណាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ឡេ មិញ ហ៊ុង បានស្វាគមន៍ប្រតិភូកម្ពុជាទាំងអស់ ខណៈលោកថា វៀតណាមគាំទ្រ និងសហការឥតងាករេជាមួយកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ លោកជំនឿមុតមាំថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រពេញទំហឹងនោះ លោកថា កម្ពុជានឹងសម្រេចគោលដៅនៃការអភិវឌ្ឍជាមិនខានឡើយ ហើយវៀតណាមនឹងបន្តអនុវត្តឱ្យបានសម្រេចនូវការឯកភាពគ្នារវាងថ្នាក់ដឹកនាំប្រទេសកម្ពុជា និងវៀតណាម និយាយដោយឡែក និងនិយាយជារួមរវាងថ្នាក់ដឹកនាំប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម ដែលបានធ្វើឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២៦ នៅកម្ពុជា។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំរវាង សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ុង កាលពីខែមិថុនា ឆ្នាំ២០២៦ ថ្មីៗនេះ ដែលបានសង្កត់ធ្ងន់លើសារៈសំខាន់យ៉ាងជ្រាលជ្រៅ និងទទួលបាននូវលទ្ធផលសំខាន់ៗ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយលើវិស័យពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

សូមជម្រាបដែរថា តាមរយៈជំនួបពិភាក្សាខាងលើ ប្រមុខដឹកនាំប្រទេសទាំងពីរ ក៏បានប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ការវិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខ សំដៅជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបានទំហំ ២០ ពាន់លានដុល្លារ នាពេលអនាគតថែមទៀត៕ អត្ថបទ៖ហ្សាលីន