វិទ្យាស្ថានកម្ពុជា និងជប៉ុន បើកកិច្ចពិភាក្សារួមគ្នាជំរុញវឌ្ឍនភាពគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម

សង្គម​ និង​សេដ្ឋកិច្ច

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងវិស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបើកិច្ចពិភាក្សាការងារ ដើម្បីរួមគ្នាជំរុញវឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបរវាងវិទ្យាស្ថានទាំងពីរ បានធ្វើឡើងកាលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំ ដោយលោក ប្រាងហង្ស សេរីរិទ្ធ នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងលោក ABE Keisuke លេខាទី២ នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសវិទ្យាស្ថាន មន្ត្រីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនទីប្រឹក្សាជប៉ុនផងដែរ។

ជំនួបពិភាក្សាការងាររវាងភាគីទាំងពីរនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារនៃការអនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលផ្តោតលើការផ្គត់ផ្គង់សម្ភារៈ និងឧបករណ៍សម្រាប់បម្រើដល់ការសិក្សា និងការបណ្តុះបណ្តាលក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។

ជាលទ្ធផល ភាគីទាំងពីរ ក៏បានឯកភាពបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ដោយក្រុមការងារបច្ចេកទេសវិទ្យាស្ថាន និងក្រុមជំនាញការទីប្រឹក្សាជប៉ុន នឹងរួមគ្នាពិនិត្យ និងកំណត់សម្ភារៈ និងឧបករណ៍ដែលមានអាទិភាព និងភាពចាំបាច់សម្រាប់ប្រើប្រាស់នៅវិទ្យាស្ថាន ដើម្បីដាក់បញ្ចូលក្នុងបញ្ជីអាទិភាព ក្នុងការរៀបចំនីតិវិធីបន្ត ស្របតាមបទប្បញ្ញត្តិ និងនីតិវិធីរបស់ភាគីជាម្ចាស់ជំនួយឱ្យកាន់តែមានប្រសិទ្ធភាព៕ អត្ថបទ៖ហ្សាលីន