ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអមដំណើរឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយលោក Maxim Zubachev សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាសាំបូកម្ពុជា (National Sambo Federation of Cambodia) និងជាគ្រូបង្វឹកសាំបូអន្តរជាតិ រួមទាំងលោក Aleksei Nebozh។


ជំនួបនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៦ កក្កដា ក្នុងគោលបំណងសំខាន់ ដើម្បីពិភាក្សាអំពីការរៀបចំផែនការយុទ្ធសាស្ត្រក្នុងការនាំភ្ញៀវទេសចរអន្តរជាតិពីតំបន់អាស៊ីកណ្តាលមកទស្សនាកម្ពុជា ព្រមទាំងការជំរុញអភិវឌ្ឍវិស័យកីឡាទេសចរណ៍ឱ្យកាន់តែមានសក្តានុពលបន្ថែមទៀត។
កន្លងមក លោក Maxim Zubachev មានទំនាក់ទំនងល្អជាមួយស្ថាប័ន និងក្រុមហ៊ុនទេសចរណ៍នៅតំបន់អាស៊ីកណ្តាលដែលបាននាំភ្ញៀវទេសចរជាច្រើនមកកាន់ប្រទេសវៀតណាម។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សម្តែងនូវការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមក្នុងការលើកកម្ពស់កីឡាទេសចរណ៍ ក៏ដូចជាគាំទ្រចំពោះផែនការក្នុងការនាំភ្ញៀវទេសចរអន្តរជាតិពីតំបន់អាស៊ីកណ្តាលមកទស្សនាប្រទេសកម្ពុជា ពីព្រោះទីផ្សារអាស៊ីកណ្តាល ជាទីផ្សារកំពុងមានសក្តានុពលខ្លាំង៕


