កម្ពុជា-ឡាវ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចតាមព្រំដែន សំដៅឈានទៅពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងកម្ពុជា និងឡាវ។នេះបើយោងតាមជំនួបពិភាក្សារវាងលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការទី៥) ជាមួយលោក សុនសៃ វណ្ណាសៃ (Sonexay VANNAXAY) ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជាកាលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់អំពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងកម្ពុជា និងឡាវ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានផ្តោតការពិភាក្សាលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ការងារ និងដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ។
កិច្ចពិភាក្សាក៏បានលើកឡើងអំពីវិស័យអាទិភាពសំខាន់ៗ រួមមាន៖ ការជំរុញពាណិជ្ជកម្ម និងវិនិយោគ ការពង្រឹងសេដ្ឋកិច្ចតាមព្រំដែន ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក និងផ្លូវដែក ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរទេសចរណ៍ ព្រមទាំងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការប្រជាជននៅតាមបណ្តោយព្រំដែន ដើម្បីកសាងព្រំដែនសន្តិភាព មិត្តភាព និងអភិវឌ្ឍរួម។

ថ្លែងក្នុងកិច្ចប្រជុំនោះ លោក សួស យ៉ារ៉ា បានស្វាគមន៍ឯកអគ្គរាជទូតឡាវ ហើយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋសភាកម្ពុជា ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាឡាវ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។
ជាការឆ្លើយតប លោក សុនសៃ វណ្ណាសៃ បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម សួស យ៉ារ៉ា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ឯកឧត្តមក៏បានបង្ហាញឆន្ទៈក្នុងការបន្តសហការយ៉ាងសកម្មជាមួយភាគីកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕អត្ថបទ៖ហ្សាលីន


