ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈដល់ ឯកឧត្តម លឹម ចាន់សុភី ជាទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានឋានៈស្មើ «អគ្គនាយក»។

មុនទទទួលបានការតែងតាំងនេះ ឯកឧត្តម លឹម ចាន់សុភី មានតួនាទីជា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី។ លោកបានចូលនិវត្តន៍ពីអាជីពជាមន្ត្រីរាជការស៊ីវិល កាលដើមឆ្នាំ២០២៦ កន្លងទៅ។
សូមជម្រាបផងដែរថា ក្រោយការចូលនិវត្តន៍របស់ ឯកឧត្តម លឹម ចាន់សុភី, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យប្រគល់ភារកិច្ចជូន លោក ទឹម មុនីរតន្ន៍ អនុប្រធានមន្ទីរសុរិយោដីខេត្តរតនគិរី ឱ្យបំពេញមុខងារជា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌលគិរី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦៕



