អគ្គមេបញ្ជាការកម្ពុជា ជួបមេបញ្ជាការកងនាវាអាមេរិក រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី

សង្គម​ និង​សេដ្ឋកិច្ច

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងនាវាប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី នឹងត្រៀមរៀបចំលំហាត់ហ្វឹកហ្វឺនរួមនៅឆ្នាំ២០២៧។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបនេះ បានធ្វើឡើងកាលព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ដឹកនាំដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាមួយលោកនាយឧត្តមនាវី STEPHEN T. WEB KOEHLER មេបញ្ជាការកងនាវាប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក។

ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-សហរដ្ឋអាមេរិក ជាពិសេសរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស ការចូលចតនាវាយោធា និងការត្រៀមរៀបចំលំហាត់ហ្វឹកហ្វឺនរួមនៅឆ្នាំ២០២៧។

នាឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក ដែលបានរួមចំណែកក្នុងដំណើរការសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ព្រមទាំងបានស្វាគមន៍ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការរុករកអដ្ឋិធាតុយុទ្ធជនអាមេរិកបាត់ខ្លួន និងការពង្រឹងសមត្ថភាពកងទ័ព។

អគ្គមេបញ្ជាការ ក៏បានបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ និងមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនដោយប្រើប្រាស់កម្លាំងយោធា។

ជាការឆ្លើយតប លោកនាយឧត្តមនាវី STEPHEN T. WEB KOEHLER បានសម្តែងការកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងយោធពលខេមរភូមិន្ទ រួមទាំងការធ្វើលំហាត់ហ្វឹកហ្វឺន «ការ៉ាត់» ឡើងវិញនៅឆ្នាំ២០២៧ កិច្ចសហប្រតិបត្តិការផ្នែកជំនួយមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ និងការចូលរួមលំហាត់ SEACAT ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់៕ អត្ថបទ៖ហ្សាលីន