សមាគម២ ប្តេជ្ញាចិត្តពង្រឹងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ, ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុ
កម្ពុជា (CMA) បានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីវីដេអូឯកសារពាក់ព័ន្ធនឹងករណីអតិថិជនឥណទាន ដែលត្រូវបានផ្សព្វផ្សាយនាពេលថ្មីៗនេះ ដោយសមាគមទាំងពីរ បានសង្កេតឃើញថា នាពេលថ្មីៗនេះ អង្គការលីកាដូ (LICADHO)  និងបណ្តាញសារព័ត៌មានមួយចំនួនបន្តចេញផ្សាយ និងចែករំលែកវីដេអូឯកសារពាក់ព័ន្ធនឹងករណីអតិថិជនមួយចំនួនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានកើតឡើងកន្លងមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីថ្លែងការរួម នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ សមាគមទាំងពីរបានបញ្ជាក់ថា សមាគមគោរពតួនាទីរបស់អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងការលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា វីដេអូឯកសារទាំងនោះបានបង្ហាញតែទិដ្ឋភាពមួយផ្នែកនៃអង្គហេតុ ដោយពុំបានឆ្លុះបញ្ចាំងពេញលេញអំពីវិធានការដែលបានអនុវត្តជាបន្តបន្ទាប់ វឌ្ឍនភាព និងស្ថានភាពបច្ចុប្បន្ននៃករណីនីមួយៗឡើយ។ ការបង្ហាញព័ត៌មានដោយខ្វះបរិបទពេញលេញបែបនេះ អាចធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ ឬយល់ខុសពីស្ថានភាពជាក់ស្តែង ព្រមទាំងប៉ះពាល់ដល់ទំនុកចិត្តរបស់សាធារណជនចំពោះវិស័យធនាគារ និងហិរញ្ញវត្ថុ។ ដូច្នេះ សមាគមទាំងពីរ សូមលើកទឹកចិត្តឱ្យការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងករណីទាំងនេះ ធ្វើឡើងឱ្យបានពេញលេញ ត្រឹមត្រូវ និងមានតុល្យភាព ដោយផ្អែកលើព័ត៌មានដែលបានផ្ទៀងផ្ទាត់ និងរួមបញ្ចូលទាំងបរិបទ ពេលវេលា ការវិវត្ត វិធានការដែលបានអនុវត្តជាបន្តបន្ទាប់ និងស្ថានភាពចុងក្រោយនៃករណីនីមួយៗ។

សមាគមទាំងពីរ បន្តយកចិត្តទុកដាក់តាមដានយ៉ាងហ្មត់ចត់ចំពោះការពិនិត្យ និងដោះស្រាយបណ្តឹង ប្រកប ដោយគោលការណ៍យុត្តិធម៌ តម្លាភាព ទាន់ពេលវេលា និងរក្សាការសម្ងាត់ស្របតាមច្បាប់និង​បទប្បញ្ញត្តិ​ជាធរមាន។

ផ្អែកតាមព័ត៌មានដែលបានបញ្ជាក់ដោយគ្រឹះស្ថានពាក់ព័ន្ធ ករណីដែលត្រូវបានលើកយកមកបង្ហាញក្នុងវីដេអូទាំងនេះ ត្រូវ​បានសម្របសម្រួល ​ពិនិត្យ តាមដាន និងដោះស្រាយតាមនីតិវិធីជាធរមាន ដោយមាន​ការ​ព្រមព្រៀងរវាង​អតិថិជន និង​គ្រឹះស្ថាន​ពាក់ព័ន្ធផងដែរ។ កន្លងមក សមាគមទាំងពីរ ធ្លាប់បានអញ្ជើញអង្គការលីកាដូ ព្រមទាំងអង្គការសង្គមស៊ីវិលផ្សេងៗទៀត មកចូលរួមកិច្ចសន្ទនាជាមួយភាគីពាក់ព័ន្ធ ជាពិសេសក្នុងកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធស្តីពី «មីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដើម្បីស្វែងរកដំណោះស្រាយ និង​ការ​ពារ​ផលប្រយោជន៍ជូន​ប្រជាជន ប៉ុន្តែអង្គការលីកាដូពុំបានចូលរួមឡើយ ហើយនៅ​តែបន្តផ្សព្វផ្សាយវីដេអូឯកសារជាបន្តបន្ទាប់ ក្នុងចេតនាបម្រើផលប្រយោជន៍អង្គការ និង​ពុំ​បានចូលរួម​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋដែលពាក់ព័ន្ធ។

គួរបញ្ជាក់ជូនថា ក្នុងកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធស្តីពី «មីក្រូហិរញ្ញវត្ថុនៅកម្ពុជា» បានដាក់ចេញនូវសកម្មភាពអាទិភាពចំនួន ២២ សម្រាប់ភាគីពាក់ព័ន្ធរួមទាំងស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន និងអង្គការសង្គមស៊ីវិល ដើម្បីអនុវត្ត ជាពិសេសទៅលើកិច្ចការពារអតិថិជន។ ក្នុងចំណោមសកម្មភាពអាទិភាពនោះ ភាគីពាក់ព័ន្ធបានអនុវត្តបញ្ចប់ចំនួន ១៤សកម្មភាពអាទិភាព និង៨សកម្មភាពអាទិភាពកំពុងអនុវត្តបន្ត។ សមាគមទាំងពីរ បន្តប្តេជ្ញាចិត្តអនុវត្តស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ព្រមទាំងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីពង្រឹងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ កិច្ចការពារអតិថិជន ការដោះស្រាយ        បណ្តឹង និងការអប់រំផ្នែកហិរញ្ញវត្ថុ។ សមាគមទាំងពីរ នៅតែបន្ត​កិច្ចសន្ទនាប្រកបដោយការស្ថាបនា ជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបានដំណោះស្រាយជាក់ស្តែង កិច្ចការពារអតិថិជន និងពង្រឹងទំនុកចិត្តសាធារណជន មកលើប្រព័ន្ធ​ធនាគារ។