កិច្ចប្រជុំស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា នឹងធ្វើឡើងនៅស្អែកនេះ

សង្គម​និង​សេដ្ឋកិច្ច

កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា នឹងធ្វើឡើងនៅថ្ងៃទី ០៦ ខែ​ឧសភា ឆ្នាំ​២០​២២ នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធវីដេអូ ដោយមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេស​និង​សហ​ប្រតិបត្តិការអន្តរជាតិនៃព្រះរាជា​ណា​ចក្រ​​កម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធាន​អាស៊ាន​សម្រាប់មីយ៉ាន់ម៉ា និង​លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងឋានៈជាអ្នកសម្របសម្រួលជំនួយ​មនុស្សធម៌របស់អាស៊ាន ធ្វើ​ជាសហ​ប្រធានដឹកនាំកិច្ចប្រជុំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ បានអោយដឹងថា កិច្ចប្រជុំពិគ្រោះ​​យោបល់ នឹងត្រូវ​បាន​អញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដោយតំណាង​ជាន់ខ្ពស់​មក​ពីប្រទេសជាសមាជិកអាស៊ានទាំងអស់ ដៃគូ​ខាងក្រៅរបស់អាស៊ាន ទីភ្នាក់ងារ ជំនាញ​អង្គការ​សហប្រជាជាតិ និងបណ្តាអង្គការអន្តរជាតិពាក់ព័ន្ធនៅ​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា​ផងដែរ។

កិច្ចប្រជុំពិគ្រោះយោបល់នេះ នឹងផ្តល់ជាវេទិកាកម្រិតខ្ពស់មួយសម្រាប់អាស៊ានធ្វើការពិភាក្សា ផ្ដួច​ផ្ដើមឱ្យមានកិច្ចសន្ទនា​មួយ​ដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីផ្តល់នូវមគ្គុទ្ទេសក៍អំពីរបៀប ក្នុងការជំរុញជំនួយមនុស្សធម៌របស់អាស៊ាន​ឱ្យ​​​ទៅដល់​ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងត្រូវការបំផុត ដោយឈរលើគោលការណ៍មនុស្សធម៌ និងគ្មានការរើសអើង។

កិច្ចប្រជុំពិគ្រោះយោបល់នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ដែលមានការ​ព្រម​ព្រៀង​​គ្នាទៅវិញទៅមកលើវិធីសាស្ត្រក្នុងការពង្រឹងបន្ថែមនូវការផ្ដល់ជំនួយមនុស្ស ធម៌នៅមីយ៉ាន់ម៉ា ដើម្បីធានាបានថា​នឹងពុំមាននរណាម្នាក់ត្រូវបានទុកចោលនោះទេ, ដំណោះស្រាយ ចំពោះបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធទៅនឹង​ប្រតិ​បត្តិកា​រ​​របស់មជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre), និងវិធីសាស្ត្រនានាដែល ជួយគាំទ្រទៅដល់ការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៅដល់សហគមន៍នានា​នៅមី​យ៉ាន់ម៉ា៕