ពីអតីតយុវជនស្ម័គ្រចិត្តទៅជាថ្នាក់ដឹកនាំ! វាគ្មិនកិត្តិយសទាំង ៣រូប ចែករំលែកបទពិសោធន៍ក្នុងវេទិកាពិសេសរបស់កាកបាទក្រហមកម្ពុជា ស្ដីពី «គុណតម្លៃនៃការងារស្ម័គ្រចិត្ត»

សង្គម​ និង​សេដ្ឋកិច្ច

រាជធានីភ្នំពេញ៖ ក្នុងវេទិកាតុមូលពិភាក្សា និងបញ្ចេញទស្សនៈយុវជនស្តីពីគុណតម្លៃនៃការងារស្ម័គ្រចិត្ត ដើម្បីអបអរសាទរទិវាយុវជនអន្តរជាតិ ១២ សីហា ក្រោមប្រធានបទ «បរិបទខុសគ្នា ក្ដីប្រាថ្នារួមគ្នា» ដែលរៀបចំឡើងដោយកាកបាទក្រហមកម្ពុជា (កក្រក) នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ពិតចំណាន សមាជិកគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា គឺមានវាគ្មិនកិត្តិយសចំនួន ៣រូប ដែលសុទ្ធជាអតីតយុវជនកាកបាទក្រហម បានអញ្ជើញមកចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្ទាល់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វាគ្មិនកិត្តិយសទាំងបីរូបនោះរួមមាន៖ ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអតីតមន្ត្រីសម្របសម្រួលកម្មវិធីអភិវឌ្ឍយុវជន កក្រក, លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ ក្រសួងអធិការកិច្ច និងជាអតីតប្រធានក្លឹបយុវជន កក្រក នៃសាកលវិទ្យាល័យមេគង្គកម្ពុជា, និងឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាអតីតអនុប្រធានក្លឹបយុវជន កក្រក នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបានឡើងមកចែករំលែកបទពិសោធន៍ដ៏មានតម្លៃ ព្រមទាំងផ្តល់នូវអនុសាសន៍គន្លឹះៗជូនដល់អង្គពិធី។

ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន មន្ត្រីទីស្នាក់ការកណ្តាល មន្ត្រីក្រុមប្រតិបត្តិសាខា ២៥ រាជធានី-ខេត្ត (តាមរយៈប្រព័ន្ធ Zoom) ព្រមទាំងទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សា ២៥ ក្នុងរាជធានីភ្នំពេញ សរុបចំនួន ៣៥០នាក់។ គួរបញ្ជាក់ផងដែរថា វេទិកានេះរៀបចំឡើងក្នុងគោលបំណងអបអរសាទរទិវាយុវជនអន្តរជាតិ ដែលត្រូវបានកំណត់ដោយអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់តួនាទីយុវជនក្នុងការអភិវឌ្ឍសង្គម និងជំរុញឱ្យមានការចូលរួមរបស់យុវជនក្នុងការសម្រេចចិត្តលើបញ្ហាសំខាន់ៗដែលប៉ះពាល់ដល់អនាគតរបស់ពួកគេ៕