ព្រះរាជពិធី​សុំព្រះ​អគ្គីកីឡា សម្រាប់​ភ្លើងគប់​ស៊ីហ្គេម នឹង​ប្រារព្ធ​​ឡើង​នៅខេត្តសៀមរាប នាថ្ងៃទី២១ មីនា

សង្គម​និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹង​យាង​ជា​ព្រះ​រាជា​ធិបតីដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីសុំភ្លើង «ព្រះអគ្គីកីឡា» នៅប្រាសាទអង្គរវត្ត នា​​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ខាង​​មុខ​​នេះ ដើម្បីរៀបចំ​​ធ្វើជាភ្លើង​គប់​រត់នៅខេត្តសៀមរាប និងបណ្តា​ប្រទេសក្នុងតំបន់អាស៊ាន សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុ​ង​កិច្ចប្រជុំគណៈអចិន្ត្រយ៍ គណៈកម្មាធិការជាតិ CAMSOC កាលពីថ្ងៃទី៣ ខែមករា ម្សិលមិញ​លោក វ៉ាត់ ចំរើន អគ្គ​លេខា​​ធិការ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានលើកឡើង​ថា  ការយកភ្លើងអាទិ​ទេព​មក​ធ្វើជាភ្លើង​​គប់ គឺកម្ពុជាមានលំនាំដូចគ្នា​នឹងការទទួលរៀប​ចំធ្វើម្ចាស់ផ្ទះ​ការ​ប្រកួតកីឡា GANEFO ឆ្នាំ១៩៦៦ ដែលមានការរៀបចំ​យក​ភ្លើង​អា​ទិទេពពីប្រាសាទអង្គរវត្តមកដែរ។ នេះជារបៀបរបបប្រពៃណី និងតាមគន្លងកីឡារបស់កម្ពុជាក្នុងប្រវត្តិសាស្ត្រ ។

លោក វ៉ាត់ ចំរើន បានបន្ថែមថា៖ «ការរៀបចំព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡានេះ នឹងត្រូវនៅថ្ងៃទី២១ ខែមីនា គឺចំ​ពេល​​​​ដែល​​ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តរបស់យើង អ៊ីចឹងយើង​បានកំ​ណត់​​ច្បាស់លាស់ ក្នុង​ការ​រៀប​​ចំ ដោយលិខិត និងឯកសារនានា ដែលសម្របសម្រួល គឺសម្តេច​តេជោនាយករដ្ឋមន្រ្តី បានឯកភាព ក្នុងការ​ស្នើ​សុំ​​ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់​ព្រះករុណាជីវិត​តម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ​ប្រទាន​​នូវភ្លើងព្រះអគ្គីកីឡានេះ»។

គួរបញ្ជាក់ថា តាមគម្រោង បន្ទាប់ពីព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡា នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែមីនា ការរត់ភ្លើងគប់ នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ ដោយចាប់ផ្តើមចេញពីខេត្តសៀមរាប រួចបន្ត​ទៅកាន់បណ្តាប្រទេសនានា នៅក្នុងតំបន់​អាស៊ី​អាគ្នេយ៍ តាមផែនការលម្អិតច្បាស់លាស់របស់ CAM SOC។

ក្នុងនោះ ការរត់ភ្លើងគប់ នឹងត្រូវរត់នៅវង់តូចអង្គរ ១ជុំ ហើយថែរក្សាភ្លើងគប់នេះ ហោះហើរ​ទៅកាន់ប្រទេសហ្វីលីពីន ដែលជាប្រទេសរៀបចំពិធីរត់ភ្លើងគប់ និងបណ្តាប្រទេស​​ផ្សេងៗ​ទៀតទាំងអស់ ក្នុងអាស៊ីអាគ្នេយ៍។ ចុងក្រោយរត់​នៅ​ប្រទេសឡាវ មុនពេលរត់ភ្លើងគប់នេះ នៅជុំវិញបឹងទន្លេសាប រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃប្រារព្ធពិធី​បើកជាផ្លូវការ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣តែម្តង នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជ​ធានី​​ភ្នំពេញ ហើយនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជា ក្រោយរង់ចាំ​អស់រយៈពេល ៦៤ឆ្នាំ៕