កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោកស្រី ផែន សាវនី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសំណេះសំណាលជាមួយក្រុមនិស្សិតកម្ពុជាចំនួន ១៨រូប ដែលទទួលបានអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែក ដើម្បីបន្តការសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិតលើមុខជំនាញសំខាន់ៗដូចជា កសិកម្ម វិស្វកម្ម សេដ្ឋកិច្ច និងគោលនយោបាយសាធារណៈ។

ក្នុងឱកាសនោះ លោកស្រីអនុរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំដល់និស្សិតទាំងអស់ឱ្យខិតខំប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹង ដើម្បីវិលត្រឡប់មកចូលរួមអភិវឌ្ឍប្រទេសជាតិវិញ។
ទន្ទឹមនឹងនេះ លោកស្រីបានលើកទឹកចិត្តឱ្យនិស្សិតគ្រប់រូបចូលរួមលើកតម្កើងកិត្តិយសជាតិ ផ្សព្វផ្សាយវប្បធម៌ខ្មែរ និងពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដើម្បីរមឹតចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងសាធារណរដ្ឋឆែកឱ្យកាន់តែជិតស្និទ្ធ។
ជាមួយគ្នានេះ លោកស្រី ផែន សាវនី ក៏បានចែករំលែកព័ត៌មានចាំបាច់មួយចំនួន និងបានរំលេចអំពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរដែលមានរយៈពេល ៧ទស្សវត្សរ៍មកហើយ ព្រមទាំងបានជូនពរឱ្យក្រុមនិស្សិតទាំងអស់ធ្វើដំណើរដោយសុវត្ថិភាព និងទទួលបានជោគជ័យក្នុងការសិក្សា៕



