នៅចម្ងាយមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ សិប្បកម្មតម្បាញសូត្រ ក្នុងរមណីយដ្ឋានចម្ការស្នេហ៍ ដែលមានទីតាំងស្ថិតនៅភូមិតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាន់តែទទួលបានការគាំទ្រច្រើនពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្រៅពីមកទស្សនាដងទន្លេរុំព័ទ្ធដោយធម្មជាតិបៃតងខ្ចី អមជាមួយចំការដំណាំបង្ការចម្រុះពណ៌របស់បងប្អូនប្រជាកសិករនៅទីនោះ ទីតាំងដ៏ពេញនិយម និងជាការផ្ដុំចំណាប់អារម្មណ៍ខ្លាំងបំផុត គឺរមណីយដ្ឋានចម្ការស្នេហ៍ ដែលជាសហគមន៍កែច្នៃ និងតម្បាញសូត្រខ្មែរដ៏រស់រវើកមួយ ដែលជាសហគមន៍ថែរក្សា អភិរក្សមរតកវប្បធម៌កណ្ដាលផ្ទៃជលសា។

ការងារមុខរបរ របស់អ្នកកោះឧកញ៉ាតី មួយភាគគឺបានពីការប្រកបរបរត្បាញហូល ផាមួង និងក្រមាជាដើម ដែលមុខរបរមួយនេះគឺអាចជួយទំនុកបម្រុងជីវភាពគ្រួសារ ដូចជា ផ្គត់ផ្គង់ឱ្យកូនរៀនសូត្រ ម្ហូបអាហារប្រចាំថ្ងៃ និងការប្រើប្រាស់ចាំបាច់មួយចំនួនក្នុងគ្រួសារ។

អ្នកស្រី សារ៉ុម ជាអ្នកត្បាញសូត្រម្នាក់នៅសិប្បកម្មនេះ បានឱ្យឧកញ៉ាញូស៍ដឹងថា សិប្បកម្មតម្បាញសូត្រនៅរមណីយដ្ឋានចំការស្នេហ៍ ជាសហគមន៍រាប់ចាប់តាំងពីដាំ ចិញ្ចឹមរហូតដល់សម្រេចជាផលិតផលដាក់លក់នៅនឹងកន្លែងតែមួយ។ មកទល់ពេលនេះ សិប្បកម្មតម្បាញសូត្រ មានសមាជិកប្រមាណជា៣០ទៅ៤០នាក់ហើយ ដែលភាគច្រើនសុទ្ធសឹងជាស្រ្តី។ បើតាមអ្នកស្រី សារ៉ុម មុខរបរតម្បាញនេះបានធ្វើឱ្យប្រជាពលរដ្ឋមានការងារធ្វើ ចៀសវាងការធ្វើចំណាកស្រុក អាចផ្គត់ផ្គង់គ្រួសារបានមួយចំណែក តួយ៉ាង អ្នកស្រីផ្ទាល់តាំងពីចូលមកត្បាញនៅទីនេះ អាចរកចំណូលបាន១០០ដុល្លារ ក្នុងមួយក្បិន ឬប្រហែល៣០០ដុល្លារ ក្នុងមួយខែ អាស្រ័យលើការត្បាញលឿនឬយឺត។

អ្នកស្រី បានបន្ថែមថា បច្ចុប្បន្នតម្បាញសូត្រខ្មែរ មានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ ជាក់ស្តែងក្នុងខែកក្កដា ឆ្នាំ២០២៦នេះ ចំការស្នេហ៍ទទួលបានចំនួនភ្ញៀវច្រើនប្រហែល ១០០នាក់ ទៅ២០០នាក់ ក្នុងមួយថ្ងៃ។

ក្នុងនាមជាជនជាតិខ្មែរ រស់នៅជាមួយមុខរបរតពីដូនតាខ្មែរ អ្នកស្រី សារ៉ុម មានមោទនភាពណាស់នៅពេលឃើញស្នាមញញឹម និងការសរសើរពីភ្ញៀវបរទេសដល់ផលិតខ្មែរ ស្នាដៃខ្មែរ និងជាពិសេសគាំទ្រផលិតផលខ្មែរ។ មិនត្រឹមតែបរទេសទេ អ្នកស្រីថា បច្ចុប្បន្ននេះយុវជន្មខ្មែរមួយចំនួនដែលពីមុនមកមិនទាន់បានស្គាល់ និងឃើញផ្ទាល់ក៏ចាប់អារម្មណ៍មកសិក្សា ស្វែងយល់ និងចង់រៀនសូត្រពីមុខរបរមួយនេះផងដែរ។
អ្នកស្រីបញ្ជាក់ថា ពិតជាល្អណាស់ បើយុវជនខ្មែរយើងដែលជាក្មេងៗជំនាន់ក្រោយចាប់អារម្មណ៍ ចង់ចេះ ចង់រៀន ចង់រក្សា និងអភិរក្សនូវកេមរតកដូនតាមួយនេះកុំឱ្យបាត់បង់៕











