លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo-RPC)» កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមសរុបប្រមាណ ៣៥០រូប រួមមានតំណាងទីភ្នាក់ងាររុកអាវកាសជប៉ុន (JAXA) តំណាងក្រសួងអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិត។


ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានរំឭកពីប្រវត្តិបច្ចេកវិទ្យាផ្កាយរណបនៅកម្ពុជាតាំងពីឆ្នាំ១៩៨៧ និងបានគូសបញ្ជាក់ថា បច្ចុប្បន្ន ក.ប.ទ. កំពុងពន្លឿនការរៀបចំក្របខណ្ឌគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងផែនការមេផ្នែកផ្កាយរណប និងលំហអាកាស។ ជាមួយគ្នានេះ ក្រសួងក៏បាន និងកំពុងផ្ដោតលើការបណ្ដុះបណ្ដាលធនធានមនុស្ស ដោយបានជ្រើសរើសយុវជន ៤៨រូបឱ្យទៅសិក្សានៅបរទេស (ចិន ឥណ្ឌា និងបារាំង) ព្រមទាំងរៀបចំវគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជំនាញផ្កាយរណប និងលំហអាកាសទម្រង់ Fast Track នៅក្នុងស្រុកផងដែរ។
លោករដ្ឋមន្រ្តីបានបន្ថែមថា សិក្ខាសាលានេះគឺជាចំណុចចាប់ផ្តើមដ៏សំខាន់ក្នុងការផ្សព្វផ្សាយ និងត្រៀមលក្ខណៈសម្បត្តិដល់សិស្ស-និស្សិតកម្ពុជា ក្នុងការក្រសោបយកជំនាញបច្ចេកវិទ្យាផ្កាយរណប និងលំហអាកាស ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងជាតិមាតុភូមិទៅថ្ងៃអនាគត៕




