ក្រសួងទេសចរណ៍ បង្កើនកិច្ចសហការជាមួយសមាគមភាពយន្តកម្ពុជា ជំរុញទេសចរណ៍ភាពយន្ត ទាក់ទាញទេសចរអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមភាពយន្តកម្ពុជា ដឹកនាំដោយលោក ឆាយ បូរ៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពង្រឹងកិច្ចសហការ និងប្រែក្លាយវិស័យភាពយន្តទៅជា «អំណាចទន់ (Soft Power)» ក្នុងការផ្សព្វផ្សាយវប្បធម៌ បេតិកភណ្ឌ និងតំបន់ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះខិតខំប្រឹងប្រែងរបស់សមាគម និងបានគូសបញ្ជាក់ថា ភាពយន្តគឺជាឧបករណ៍ដ៏មានឥទ្ធិពលដែលអាចទាក់ទាញផលិតករអន្តរជាតិឱ្យមកថត និងបំផុសគំនិតទស្សនិកជនរាប់លាននាក់ឱ្យចង់មកទស្សនាកម្ពុជាដោយផ្ទាល់។

ជាមួយគ្នានេះ លោក ឆាយ បូរ៉ា ក៏បានរាយការណ៍អំពីសមិទ្ធផល បញ្ហាប្រឈម និងទិសដៅការងារខាងមុខ ដើម្បីជំរុញឧស្សាហកម្មភាពយន្ត និងទេសចរណ៍ភាពយន្តឱ្យកាន់តែមានភាពប្រកួតប្រជែង។

សូមជម្រាបជូនផងដែរថា ក្រសួងទេសចរណ៍ នឹងរៀបចំសិក្ខាសាលាស្តីពី «ការជំរុញទេសចរណ៍ភាពយន្តនៅកម្ពុជា» នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីប្រមូលផ្តុំភាគីពាក់ព័ន្ធ រួមគ្នាកំណត់យន្តការ និងទិសដៅអាទិភាព ក្នុងការប្រើប្រាស់វិស័យភាពយន្តជាចលករថ្មីទាក់ទាញភ្ញៀវទេសចរមកកាន់កម្ពុជា៕