លោក ឌិត ទីណា ណែនាំមន្ត្រីកសិកម្មឃុំជួយដោះស្រាយបញ្ហាកសិករ ជំរុញចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋ

សង្គម​ និង​សេដ្ឋកិច្ច

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការចុះជួយដោះស្រាយបញ្ហាប្រឈមចំពោះមុខរបស់ប្រជាកសិករ និងការផ្តល់ជំនួយបច្ចេកទេសកសិកម្មឱ្យបានទាន់ពេលវេលា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការណែនាំនេះធ្វើឡើងនៅក្នុងឱកាសដែលលោករដ្ឋមន្រ្ដីអញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសការងារជូនមន្ត្រីកសិកម្មឃុំ-សង្កាត់ មកពីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីអភិបាលនៃគណៈអភិបាលខេត្តទាំងពីរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ។

បន្ថែមលើការណែនាំនេះ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការជំរុញចងក្រង «សហគមន៍កសិកម្មទំនើប» ដែលជាសសរទ្រូងយ៉ាងសំខាន់ក្នុងការជួយឱ្យកសិករទទួលបានផលចំណេញកាន់តែខ្ពស់ កាត់បន្ថយចំណាយ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង សំដៅរួមចំណែកសម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទន្ទឹមនឹងនោះលោក ឌិត ទីណា ក៏បានគូសបញ្ជាក់អំពីសារសំខាន់នៃកម្មវិធីនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងជួយឱ្យប្រជាពលរដ្ឋ «មានហូប មានប្រើ មានបាន និងមានរហូត» ដើម្បីធានាសន្តិសុខស្បៀង និរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។ លោកសង្កត់ធ្ងន់ថា ការសម្រេចបាននូវគោលដៅនេះ គឺទាមទារឱ្យមានការខិតខំប្រឹងប្រែងយ៉ាងសកម្មពីសំណាក់មន្ត្រីកសិកម្មឃុំ-សង្កាត់ ក្នុងការចុះជួយប្រជាកសិករដោយផ្ទាល់៕