វេទិកាផ្សព្វផ្សាយវិនិយោគអ៊ីនឆ័ន-កម្ពុជាឆ្នាំ២០២៦ បានជួយជំរុញវិនិយោគិនកូរ៉េ មកនោះទុននៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)  ជឿជាក់ថា តាមរយៈវេទិកាផ្សព្វផ្សាយវិនិយោគអ៊ីនឆ័ន-កម្ពុជា ឆ្នាំ២០២៦ បានទាក់ទាញបាននូវលំហូរទុនវិនិយោគផ្ទាល់ និងធុរជនកូរ៉េជាច្រើនបន្ថែមទៀតមកបោះទុនវិនិយោគនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឈ័ន កាលទី១៧ ខែសីហា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល អំណរគុណចំពោះសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឈ័ន ដែលបានសម្របសម្រួលលើការរៀបចំ «វេទិកាផ្សព្វផ្សាយវិនិយោគ អ៊ីនឆ័ន-កម្ពុជា ឆ្នាំ២០២៦» កាលពីចុងខែមិថុនា កន្លងទៅ។

លោកបានសម្តែងនូវភាពជឿជាក់ និងសុទិដ្ឋិនិយមខ្ពស់ថា តាមរយៈវេទិកាផ្សព្វផ្សាយវិនិយោគនេះ និងការបំពេញបេសកកម្មគោះទ្វារទាក់ទាញ និងជំរុញវិនិយោគនៅក្នុងសាធារណរដ្ឋកូរ៉េ នឹងទាក់ទាញបាននូវលំហូរទុនវិនិយោគផ្ទាល់ និងធុរជនកូរ៉េជាច្រើនបន្ថែមទៀតមកបោះទុនវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប លោកប្រធាន ICCI បានសម្តែងនូវសេចក្តីរីករាយ ព្រមទាំងជម្រាបពីភាពជោគជ័យនៃយុទ្ធនាការផ្សព្វផ្សាយវិនិយោគកន្លងមក ដែលក្នុងនោះមានបណ្តាញសារព័ត៌មានកូរ៉េចំនួន ៣៨ ស្ថាប័នបានចុះផ្សាយ និងបង្កើតឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគ និងសហគមន៍ធុរកិច្ចកូរ៉េ អំពីសក្តានុពលរបស់កម្ពុជា។ជាលទ្ធផលផ្លែផ្កាជាក់ស្តែង លោកថា យុទ្ធនាការកន្លងមកនេះបាននិងកំពុងបង្ហាញពីសញ្ញាណវិជ្ជមានយ៉ាងខ្លាំង ដោយក្នុងនោះមានក្រុមហ៊ុនកូរ៉េធំៗមួយចំនួនបានបង្ហាញបំណងក្នុងការមកបោះទុនវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យផលិតគ្រឿងសង្ហារិម និងការកែច្នៃកសិផល។

សូមជម្រាបដែរ តាមរយៈជំនួបវេទិការខាងលើ លោក ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ដែរថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការផ្តល់កិច្ចសម្របសម្រួល សំដៅជំរុញឱ្យគម្រោងនេះលេចរូបរាងឡើង ដើម្បីជាប្រយោជន៍លើការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ជំនាញបច្ចេកទេសកម្លាំងពលកម្មកម្ពុជា ជាការឆ្លើយតបបានយ៉ាងចំទិសដៅទៅនឹងតម្រូវការកម្លាំងពលកម្មជំនាញរបស់អ្នកវិនិយោគកូរ៉េនៅកម្ពុជា នាពេលអនាគត។ជាមួយគ្នានេះ លោកប្រធាន ICCI បានប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហការយ៉ាងស្អិតរមួតរវាងសភាពាណិជ្ជកម្ម ICCI និងស្ថាប័នរដ្ឋកូរ៉េ សំដៅរួមគ្នាយ៉ាងសកម្មក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងជំរុញលំហូរទុនវិនិយោគ និងធុរកិច្ចពីកូរ៉េមកកាន់កម្ពុជាឱ្យកាន់តែមានកំណើនខ្លាំងក្លា និងប្រកបដោយចីរភាពនាពេលអនាគត៕អត្ថបទ៖ហ្សាលីន