លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ និងការរៀបចំគ្រឿងបរិក្ខារមន្ទីរពិសោធន៍សុខភាពសត្វ នៅមន្ទីរពិសោធន៍ជាតិកសិកម្មសិត្បូ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

គម្រោងមន្ទីរពិសោធន៍សុខភាពសត្វនេះ ត្រូវបានបង្កើតឡើងក្រោមការជួយគាំទ្រពីប្រទេសចិន តាមរយៈមូលនិធិជំនួយចិន (China-Aid) ដែលគ្របដណ្តប់លើការសាងសង់អគារមន្ទីរពិសោធន៍ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់គ្រឿងបរិក្ខារទំនើបៗបម្រើឱ្យការងារពិសោធន៍សុខភាពសត្វ។
នៅក្នុងដំណើរចុះពិនិត្យនោះដែរ គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរបានស្តាប់ការធ្វើបទបង្ហាញអំពីសមិទ្ធផល ដំណើរការសាងសង់ ព្រមទាំងសមត្ថភាពបច្ចេកទេសក្នុងការប្រើប្រាស់ឧបករណ៍ទំនើបៗ។ សមិទ្ធផលទាំងនេះជាសក្ខីភាពដ៏រស់រវើកដែលស្តែងឱ្យឃើញពីចំណងមិត្តភាពដែកថែប រវាងកម្ពុជា និងចិន តាមរយៈកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធ្វើទំនើបកម្មវិស័យកសិកម្ម និងការលើកកម្ពស់ការងារពិសោធន៍ស្រាវជ្រាវឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕




