លោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU)លោកបានកោតសរសើរមិនដាច់ពីមាត់អំពីស្ថានភាពនៃសន្តិភាព ស្ថេរភាព ដែលជាកត្តាសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ខណៈលោកក៏បានសរសើរពីភាពរីកចម្រើនរបស់កម្ពុជាដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សផងដែរ។ នេះបើយោងតាមជំនួបពិភាក្សារវាង សម្តេចតេជោ ហ៊ុន សែន ជាមួយលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) កាលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។

នាឱកាសនោះលោកសាស្ត្រាចារ្យ កាវ ហ្វៃ បានបានសរសើរពីភាពរីកចម្រើនរបស់កម្ពុជាដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ លោកថា ការរីកចម្រើនរបស់កម្ពុជានៅពេលនេះ គឺស្ថិតក្រោមការគ្រប់គ្រងដឹកនាំដោយសម្ដេចតេជោ ដែលជាអតីតនាយករដ្ឋមន្ត្រី ហើយបន្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេននាពេលបច្ចុប្បន្ននេះ។
ជាមួយគ្នានេះ លោកបានកោតសរសើរមិនដាច់ពីមាត់អំពីស្ថានភាពនៃសន្តិភាព ស្ថេរភាព ដែលជាកត្តាសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ លោកក៏បានលើកឡើងអំពីដំណើរទស្សនកិច្ចរបស់ប្រតិភូសាកលវិទ្យាល័យកិច្ចការប្រទេសចិននៅពេលនេះ គឺក្នុងគោលដៅដើម្បីរៀបចំនូវកិច្ចសន្ទនាការទូតក្រោយ (Track II Diplomacy) ដែលជាកិច្ចសន្ទនាមួយចូលរួមចំណែកដ៏សំខាន់នៅក្នុងការផ្លាស់ប្ដូរយោបល់គ្នា ជាពិសេសគឺការគាំទ្រដល់ការដោះស្រាយបញ្ហាវិបត្តិព្រំដែន កម្ពុជា-ថៃដោយសន្តិវិធី។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះការលើកឡើងរបស់លោកសាស្ត្រាចារ្យសាកលវិទ្យាល័យកិច្ចការបរទេសជាពិសេសគឺពេញចិត្តចំពោះការលើកឡើងពីការមើលឃើញដោយផ្ទាល់របស់លោកអំពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់កម្ពុជា។ សម្ដេចក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងចិននៅពេលបច្ចុប្បន្ននេះ ដែលជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយជាសហគមន៍ជោគវាសនារួម គ្រប់រដូវកាលក្នុងយុគសម័យថ្មី។
តាមរយៈជំនួបខាងលើ សម្តេចតេជោ ក៏បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់ប្រតិភូសាកលវិទ្យាល័យកិច្ចការបរទេសចិនមកកាន់ប្រទេសកម្ពុជានៅពេលនេះគឺជាផ្នែកមួយក្នុងការលើកកម្ពស់ចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជានិងចិនឲ្យកាន់តែរឹងមាំបន្ថែមទៀត៕អត្ថបទ៖ហ្សាលីន

