Cambodia Football Super Stars មិនទាន់ដល់ថ្ងៃប្រកួតផង ទឹកប្រាក់ជិត៤លានដុល្លារ សប្បុរសជនចូលរួមបរិច្ចាក តាមរយៈសម្ដេចតេជោ ជួយដល់មន្ទីរពេទ្យគន្ធបុបា្ផ

សង្គម​និង​សេដ្ឋកិច្ច

ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» នឹងរួមគ្នាដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដឹកនាំការប្រកួតផ្ទាល់ដោយ សម្តេចតេជោ ហ៊ុន សែន ជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា Cambodia Football Super Stars ដំណឹងជាបឋមមានសប្បុរសជនចូលរួមបានជិត៤លានដុល្លារហើយ នេះបើផ្អែកតាមការបង្ហើបឲ្យដឹងក្នុងសន្និសីទសាព័ត៌មានមួយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅផ្សារជីបម៉ុង មេហ្គាម៉ល២៧១ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ឃួង ស្រេង អភិបាលគណៈអភិបាលរាជធានីភ្នំពេញ អ្នកឧកញ្ញ៉ា លាង ម៉េង សហស្ថាបនិក ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង តារាចម្រៀង ខេម ព្រមទាំងមន្ត្រី កីឡាករ ជាច្រើនរូបបានចូលរូម ក្នុង សន្និសីទសារព័ត៌មាននេះ ដែលពិធីបានធ្វើឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅផ្សារជីបម៉ុង មេហ្គាម៉ល២៧១ ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសថា សម្តេចនឹងចូលរួមដឹកនាំការប្រកួតបាល់ទាត់ របស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដែលមានអ្នកចម្រៀងខេម ជាប្រធានក្រុម និងក្នុងនាមសម្តេច ជាគ្រូបង្វឹកកិត្តិយស ដើម្បីគៀងគរថវិកា ពីសប្បុរជន ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា នាល្ងាចថ្ងៃទី១ ឧសភា នៅពហុកីឡដ្ឋានអូឡាំពិក។

ក្នុងចំណោមសប្បុរសជនជាច្រើននោះ ក្រុមហ៊ុន ជីប ម៉ុង បានឧបត្ថម្ភ៥០ម៉ឺនដុល្លារ ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពប្បុរសធម៌នេះផងដែរ។ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន ជីប ម៉ុង ចូលរួមនិងគាំទ្រយ៉ាងពេញទំហឹងចំពោះស្មារតី «ខ្មែរ ជួយ ខ្មែរ» ដែលបង្កើតឱ្យមានការជួបជុំ និងរួមគ្នាជាធ្លុងមួយពីគ្រប់ភាគីទាំងអស់ ជាពិសេសផ្តល់ស្នាមញញឹមដល់កុមារកម្ពុជា និងជំរុញឱ្យប្អូនៗងៀកមកចូលរួមលេងកីឡា ដើម្បីសុខភាព និងជៀសវាងពីការប្រើប្រាស់គ្រឿងញៀនទាំងអស់គ្នា»។

អ្នកឧញ៉ា លាង ម៉េង បានបន្តទៀតថា ក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមជាសកម្មជាមួយប្រមុខរាជរដ្ឋាភិបាល និងក្នុងការផ្តល់ត្រលប់ទៅសង្គមវិញលើគ្រប់វិស័យ ហើយខ្ញុំសង្ឃឹមថា ក្រុមហ៊ុន ជីប ម៉ុង នឹងដើរតួរជានិមិត្តសញ្ញានៃសប្បុរសធម៌ក្នុងសង្គមកម្ពុជា។

ការប្រកួតខាងលើនេះមាន ៤ ក្រុមចូលរួម គឺក្រុមបាល់ទាត់ តារាកម្ពុជា ក្រុមបាល់ទាត់សហព័ន្ធកីឡាគុនខ្មែរ ក្រុមបាល់ទាត់ S&E All Star និងក្រុមបាល់ទាត់អ្នកបង្កើតមាតិកាសង្គម (Vlogger All Star )។

លោក ប៉ុន សុណារិន ហៅ ខេម ជាប្រធានក្រុមបាល់ទាត់ តារាកម្ពុជា (Cambodia football super stars )។ លោក ខូវ ឆាយ ប្រធានក្រុមបាល់ទាត់គុនខ្មែរ ។ លោក អ៊ឹង ឆាយ ក្រុមបាល់ទាត់ S&E All Star ។ និងលោក ផាន់រុង ក្រុមបាល់ទាត់អ្នកបង្កើតមាតិកាសង្គម (Vlogger All Star )។ ចំពោះការប្រកួតនេះ មិនផ្ដោតលើការលើកពានរ ចាញ់ឈ្មះនោះទេ ការប្រកួតនេះ មានគោលបំណង៣ធំៗ ទី១ ដើម្បីផ្សព្វផ្សាយបទបញ្ញារបស់រដ្ឋាភិបាល ដើម្បីលុបបំបាត់គ្រឿងញៀន ទី២ ដើម្បីឲ្យមហាជនចូលរូមលេងកីឡា ដើម្បីសុខភាព ក្រោមពាក្យស្លោក កីឡារស់ក្រោមម្លប់សន្តិភាព។ និងទី៣ ដើម្បីប្រម៉ូលមូនិធិជួយមន្ទីរពេទ្យគន្ធបុប្ផា។

សូមបញ្ជាក់ផងដែរថា ការប្រកួតព្រឹត្តិការណ៍បាល់ទាត់មិត្តភាពប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» នឹងរួមគ្នាដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដឹកនាំការប្រកួតផ្ទាល់ដោយ សម្តេចតេជោ ហ៊ុន សែន ជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា Cambodia Football Super Stars មហាជន អាចចូលមកទស្សនា ការប្រកួតដោយសេរី ធ្វើឡើងនៅ ថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ទឹកប្រាក់បឋមជិត៤លានដុល្លារ ដែលទទួលបានពីសប្បុរសជននេះ មហាជនបានដាក់ក្ដីរំពឹងថា នឹងកើនឡើងថែមទៀត ត្បិតអីវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ លើការដឹកនាំការប្រកួតនេះ ច្បាស់ណាស់ នឹងមានលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ក៏ដូចជា សប្បុរសជនជាច្រើនទៀត នឹងចូលរួមបរិច្ចាគ ជាបន្តបន្ទាប់ជាក់ជាមិនខាន ដើម្បីយកប្រាក់ទាំងនោះ ទៅជួយទ្រទ្រង់ដល់មន្ទីពេទ្យគន្ធបុប្ផា ដែលកំពុងជួបការខ្វះខាត៕