ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបដិសេធព័ត៌មានដែលថា មន្ត្រីរបស់ខ្លួនបានធ្វើដំណើរជាមួយម្ចាស់សណ្ឋាគារ Heng Fang ដែលជាជនជាតិចិន ទៅកាន់តំបន់ថ្មដា តាមព្រំដែនកម្ពុជា-ថៃ ដោយបញ្ជាក់ថា ព័ត៌មាននេះមិនពិតឡើយ។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin បានចេញមុខបញ្ជាក់តាមបណ្ដាញសង្គមនៅថ្ងៃទី២០ ខែសីហា បន្ទាប់ពីមានសារព័ត៌មានមួយចំនួនរាយការណ៍ថា មន្ត្រីស្ថានទូតចិនបានអមម្ចាស់សណ្ឋាគារ Heng Fang ទៅកាន់តំបន់ព្រំដែនថ្មដា។
លោកបានសរសេរថា៖ «ស្ថានទូតចិនប្រចាំកម្ពុជាសូមប្រកាសថា សេចក្ដីរាយការណ៍ខាងលើមិនពិតទេ ហើយនាពេលថ្មីៗនេះ ស្ថានទូតមិនបានបញ្ជូនបុគ្គលិកណាម្នាក់ទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃដែលបានរៀបរាប់ខាងលើឡើយ»។
លោកក៏បានអំពាវនាវឱ្យស្ថាប័នសារព័ត៌មាន និងសាធារណជនផ្ទៀងផ្ទាត់ប្រភពព័ត៌មានដោយប្រុងប្រយ័ត្ន មុននឹងជឿ ឬចែកចាយព័ត៌មានដែលមិនទាន់បានបញ្ជាក់។
សូមជម្រាបដែរថា ការបំភ្លឺនេះធ្វើឡើងចំពេលមានការចាប់អារម្មណ៍លើករណីសណ្ឋាគារ Heng Fang និងម្ចាស់ជនជាតិចិនរបស់សណ្ឋាគារនេះ ដែលបានចោទថា កងទ័ពថៃបានចូលកាន់កាប់អចលនទ្រព្យរបស់ខ្លួននៅលើទឹកដីកម្ពុជា ក្នុងតំបន់ថ្មដា៕ អត្ថបទ៖ហ្សាលីន


