កម្ពុជា-ចិន រួមគ្នាពង្រីកការវិនិយោគលើការកែច្នៃកសិផល និងផលិតកម្មដែលមានតម្លៃបន្ថែម

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រភូនៃស្ថានទូតចិន បានចុះទស្សនកិច្ចទៅស្វែងយល់ពីសក្តានុពលកសិ-ឧស្សាហកម្មនៅខេត្តបាត់ដំបង ដើម្បីសហការជាមួយរដ្ឋបាលខេត្ត សំដៅរួមគ្នាឈានទៅពង្រីកការវិនិយោគលើការកែច្នៃកសិផល និងផលិតកម្មដែលមានតម្លៃបន្ថែម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរទស្សនកិច្ចទៅកាន់ខេត្តបាត់ដំបង ធ្វើឡើងកាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦  ដឹកនាំដោយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានចុះទស្សនកិច្ចនៅខេត្តបាត់ដំបង ដើម្បីស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ចនិងវិនិយោគរបស់ខេត្ត ពិសេសឱកាសពង្រីកការកែច្នៃកសិផល និងផលិតកម្មដែលមានតម្លៃបន្ថែម។

អមដំណើរទស្សនកិច្ចនេះក៏មាន លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនផងដែរ។

នាឱកាសនោះ សុខ លូ បានធ្វើបទបង្ហាញជូនដល់គណៈប្រតិភូអំពីលក្ខណៈភូមិសាស្រ្ត និងប្រជាសាស្រ្ត,សក្ដានុពលរបស់ខេត្ត,កត្តាអំណោយផលសម្រាប់ការវិនិយោគ,កិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយសាធារណៈរដ្ឋប្រជាមានិតចិន និងតម្រូវការវិនិយោគបន្ថែម។

លោក បានសង្កត់ធ្ងន់ថា ខេត្តបាត់ដំបងគឺជាជង្រុកស្រូវ និងជាប៉ូលសេដ្ឋកិច្ចកសិកម្មដ៏សំខាន់បំផុតមួយរបស់កម្ពុជា។ផ្អែកលើភូមិសាស្រ្តដីមានជីជាតិ ប្រព័ន្ធធារាសាស្រ្ត និងការតភ្ជាប់ព្រំដែនគឺជាកាលានុវត្តភាពគន្លឹះក្នុងការអភិវឌ្ឍវិស័យកសិកម្មរួមមានការកែច្នៃស្រូវ អង្ករ និងកសិផលផ្សេងៗទៀត,វិស័យឧស្សាហកម្មដែលបាននិងកំពុងផ្លាស់ប្ដូរមុខមាត់ថ្មីពីឧស្សាហកម្មបែបសិប្បកម្មគ្រួសារ ទៅជាប៉ូលឧស្សាហកម្មកែច្នៃ និងផលិតកម្មទំនើបប្រចាំតំបន់ភូមិភាគពាយ័ព្យ,វិស័យរ៉ែ និងវិស័យទេសចរណ៍។

បន្ថែមពីនេះ លោកសង្កត់ធ្ងន់ថា កត្តាអំណោយផលសម្រាប់ការវិនិយោគ គឺខេត្តបាត់ដំបងមានប្រព័ន្ធធារាសាស្រ្តចំនួន១០៨កន្លែង,ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវដែក និងផ្លូវទឹក,ប្រព័ន្ធអគ្គិសនី,បណ្ដាញទឹកស្អាត និងកម្លាំងពលកម្ម។

សូមជម្រាបដែរថា ខេត្តបាត់ដំបង បច្ចុប្បន្នមានតម្រូវការវិនិយោគលើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសលើការកែច្នៃផ្លែឈើ ចំណីសត្វ ចិញ្ចឹមសត្វ ,វិស័យទេសចរណ៍,ការអភិរក្សតំបន់វប្បធម៌ និងការពារធនធានធម្មជាតិ និងការរៀបចំក្រុងបាត់ដំបងឱ្យក្លាយជាទីក្រុងស្អាត៕អត្ថបទ៖ហ្សលីន