ក្រសួងទេសចរណ៍ បានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឥស្លាមអន្តរជាតិឆ្នាំ២០២៦ (WITEX 2026) និងពិធីបុណ្យសិល្បៈវប្បធម៌ឆ្នាំ២០២៦ (WCAF 2026) នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីពង្រីកសក្តានុពលទីផ្សារទេសចរណ៍មូស្លីម។

លោក កាទើមហាំម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា ការចូលរួមនេះមានគោលបំណងយុទ្ធសាស្ត្រគន្លឹះដើម្បីផ្សព្វផ្សាយព្រះរាជាណាចក្រកម្ពុជាជាគោលដៅទេសចរណ៍ដែលផ្តល់ភាពកក់ក្តៅ សុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏រាក់ទាក់ដល់ទេសចរគ្រប់ជាតិសាសន៍ រួមទាំងទេសចរមូស្លីមផងដែរ។ កម្ពុជាចង់បង្ហាញពិភពលោកនូវការបើកចំហទទួលស្វាគមន៍គ្រប់និន្នាការជំនឿ និងការធានាជូននូវសន្តិសុខល្អរឹងមាំសម្រាប់អ្នកទស្សនាទាំងអស់។

គួរឱ្យដឹងថា ព្រឹត្តិការណ៍អន្តរជាតិនេះត្រូវបានរៀបចំឡើងចំនួន ៣ថ្ងៃពេញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ដោយមានស្តង់បង្ហាញគោលដៅ ផលិតផល និងសេវាកម្មទេសចរណ៍សរុបជិត ២០០ស្តង់ ព្រមទាំងមានបណ្តាប្រទេសជិត ២០ ជុំវិញសកលលោកបានមកបង្ហាញវត្តមានរួមគ្នាដើម្បីបង្កើតឱកាសពាណិជ្ជកម្ម និងទេសចរណ៍៕



