លោក គី ច័ន្ទរំដួល បានទទួលជួបគណៈប្រតិភូវិនិយោគិនចិន សមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មជាំងស៊ីនៅកម្ពុជា និងក្រុមហ៊ុន Ji’an Agricultural and Rural Development Group Co.,Ltd ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មកម្ពុជា ស្របតាមចក្ខុវិស័យរាជរដ្ឋាភិបាល ក្នុងគោលដៅពង្រឹងភាពជាដៃគូ និងទាក់ទាញវិនិយោគទុនផ្ទាល់ពីបរទេស ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង និងទំនើបកម្ម កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

ក្នុងស្មារតីនៃចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន លោក គី ច័ន្ទរំដួល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូចិន ដែលបានប្តេជ្ញាចិត្តស្វែងរកឱកាសអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា។ លោកថា ការជំរុញខ្សែច្រវាក់ផលិតកម្មកែច្នៃ និងការបង្កើនការនាំចេញកសិផលកម្ពុជាដែលមានសក្តានុពលទៅកាន់ទីផ្សារដ៏ធំរបស់ចិន គឺជាកាតាលីករដ៏សំខាន់ដែលឆ្លើយតបទាំងស្រុងទៅនឹង យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាសន្តិសុខស្បៀង បង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាកសិករ ព្រមទាំងផ្តល់នូវតម្លៃបន្ថែមខ្ពស់ដល់សេដ្ឋកិច្ចជាតិ។
លោកក៏បានបញ្ជាក់អំពីការគាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាល តាមរយៈច្បាប់ស្តីពីការវិនិយោគថ្មី និងគោលនយោបាយលើកទឹកចិត្តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ដែលជាឆ្អឹងខ្នងគតិយុត្តដ៏រឹងមាំ ប្រកបដោយតម្លាភាព ក្នុងការធានាដល់សិទ្ធិ និងផ្តល់ផលប្រយោជន៍ជាអតិបរមាដល់វិនិយោគិនបរទេសគ្រប់រូបនៅកម្ពុជា។

ក្នុងឱកាសនោះ លោកក៏បានជំរុញឱ្យភាគីក្រុមហ៊ុនចិនពន្លឿនការសិក្សាសមិទ្ធិលទ្ធភាព ដើម្បីប្រែក្លាយឱកាសនេះឱ្យទៅជាគម្រោងវិនិយោគជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកដោយឈរលើស្មារតី “ឈ្នះ-ឈ្នះ”។ លោកក៏បានលើកទឹកចិត្តឱ្យមានការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា (CASA) ដើម្បីជំរុញការស្រាវជ្រាវ នវានុវត្តន៍ និងការផ្ទេរបច្ចេកវិទ្យាទំនើប ដែលជាចលករជួយជំរុញកម្ពុជាឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសចំណូលខ្ពស់នាពេលអនាគតដ៏ខ្លីខាងមុខ៕


