ក្រុមហ៊ុនទេសចរណ៍ដ៏ធំ និងនាំមុខគេនៅវៀតណាមជាង៣ទសវត្ស Vietravel Corporation ចាប់អារម្មណ៍សក្តានុពលទេសចរណ៍កម្ពុជាពង្រីកកញ្ចប់ទស្សនកិច្ចរបស់ខ្លួននៅកម្ពុជា។

នេះបើតាមជំនួបរវាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Nguyễn Quốc Kỳ ប្រធានក្រុមហ៊ុន Vietravel Corporation ដើម្បីរាយការណ៍ពីសកម្មភាពអាជីវកម្មក្រុមហ៊ុន និងស្នើសុំអនុសាសន៍ពីរដ្ឋមន្រ្តីលើកញ្ចប់ទស្សនកិច្ចថ្មីៗ របស់ខ្លូន «ទីក្រុងបុរាណ៣ ប្រទេស៣» ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ឱ្យកាន់តែជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

ភាគីក្រុមហ៊ុន ក៏បានបង្ហាញការចាប់អារម្មណ៍ចំពោះសក្តានុពល និងភាពសម្បូរបែបនៃវិស័យទេសចរណ៍កម្ពុជា ដែលបានជម្រុញឱ្យក្រុមហ៊ុន បង្កើតកិច្ចសហការជាមួយក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ដើម្បីជំរុញការផ្លាស់ប្តូរភ្ញៀវទេសចរ ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងការអភិវឌ្ឍផលិតផលទេសចរណ៍រួមរវាងប្រទេសទាំងពីរ។
លោក ហួត ហាក់ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់លោកប្រធាន និងក្រុមហ៊ុន ដែលបានជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងសក្តានុពលទេសចរណ៍សម្រាប់ការពង្រីកអាជីវកម្ម និងបណ្តាក់ទុនវិនិយោគរបស់ខ្លួន ស្របពេលដែលវិស័យទេសចរណ៍ ដែលទទួលបាននូវការលើកទឹកចិត្តជាច្រើន និងត្រូវបានចាត់ទុកជា «ជន្ទល់សេដ្ឋកិច្ច»។
គួរឱ្យដឹងថា តាមរយៈជំនួបប្រកបដោយផ្លែផ្កា ភាគីទាំងពីរ បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ដោយគម្រោងចុះ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងភាពជាដៃគូក្នុងវិស័យទេសចរណ៍ ដំណើរស្វែងយល់សក្តានុពលទេសចរណ៍កម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនមកខេត្តសៀមរាប និងតំបន់ឆ្នេររបស់កម្ពុជា។

ជាងនេះទៅទៀត ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរទស្សនៈស៊ីជម្រៅអំពីកញ្ចប់ទេសចរណ៍ “ទីក្រុងបុរាណ ៣ ក្នុងប្រទេស ៣” ដោយភ្ជាប់ទីក្រុងវេ (Huế) នៃប្រទេសវៀតណាម ទីក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងហ្លួងព្រះបាង (Luang Prabang) នៃប្រទេសឡាវ ដើម្បីបង្កើតជាផលិតផលទេសចរណ៍ឆ្លងប្រទេស ប្រកបដោយភាពទាក់ទាញ និងច្នៃប្រឌិតជាមួយជើងហោះហើរថ្មីសម្រាប់ទីក្រុងបុរាណទាំង៣ ក្នុងប្រទេសទាំង៣។ តាមរយៈកញ្ចប់ទស្សនកិច្ចថ្មីនេះ ពិតជាអាចជម្រុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំង៣ ប្រទេសទី៣ និងពីគ្រប់ទិសទីនៃពិភពលោក។



