កម្ពុជា វៀតណាម ឡាវ ឯកភាពបង្កើតយន្តការកិច្ចសហប្រតិបត្តិការទេសចរណ៍ថ្នាក់រដ្ឋមន្ត្រីជាផ្លូវការ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា ឡាវ និងវៀតណាម (CLV) បានកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍ជាប្រវត្តិសាស្ត្រលើកដំបូង ស្របពេលប្រទេសទាំងបី បានឯកភាពបង្កើតជាផ្លូវការនូវ យន្តការកិច្ចសហប្រតិបត្តិការទេសចរណ៍ថ្នាក់រដ្ឋមន្ត្រីកម្ពុជា-ឡាវ-វៀតណាម (CLV) ដើម្បីជំរុញ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគីឱ្យកាន់តែមានប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា ឡាវ និងវៀតណាម (CLV) នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកស្រី Lam Thi Phuong Thanh រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និងលោកស្រី Suanesavanh Vignaket តំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១ នេះ គឺជាកិច្ចប្រជុំជាប្រវត្តិសាស្ត្ររបស់រដ្ឋមន្ត្រីទទួលបន្ទុកវិស័យទេសចរណ៍នៃប្រទេសទាំងបី (កម្ពុជា ឡាវ និងវៀតណាម) ស្របតាមស្មារតីកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងបី ដែលភាគីទាំងបីបានឯកភាពតម្លើងកម្រិតកិច្ចសហប្រតិបត្តិការទេសចរណ៍ CLV ពីថ្នាក់មន្ត្រីជំនាញមកថ្នាក់រដ្ឋមន្ត្រី។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងបីបានឯកភាពបង្កើតជាផ្លូវការនូវ យន្តការកិច្ចសហប្រតិបត្តិការទេសចរណ៍ថ្នាក់រដ្ឋមន្ត្រីកម្ពុជា-ឡាវ-វៀតណាម (CLV) ដើម្បីជំរុញ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគីឱ្យកាន់តែមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ភាគីទាំងបីក៏បានអនុម័តផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ CLV ឆ្នាំ២០២៦-២០២៨ ដោយកំណត់វិស័យអាទិភាពចំនួន៦ រួមមាន ការអភិវឌ្ឍ និងការតភ្ជាប់ផលិតផលទេសចរណ៍រួម ការសម្រួលការធ្វើដំណើរ និងការតភ្ជាប់ការដឹកជញ្ជូនរវាងប្រទេសទាំងបី ការផ្សព្វផ្សាយ និងកសាងម៉ាកយីហោរួមក្រោមចក្ខុវិស័យ «ដំណើរកម្សាន្តម្តង បីគោលដៅ» ការកសាងសមត្ថភាពមន្ត្រីទេសចរណ៍ ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ។

សូមជម្រាបថា តាមរយៈកិច្ចប្រជុំនេះ ភាគីទាំងបីបានឯកភាពបន្តជំរុញការអនុវត្តចក្ខុវិស័យ «ដំណើរកម្សាន្តម្តង បីគោលដៅ» តាមរយៈការរៀបចំកញ្ចប់ទេសចរណ៍រួម «ដំណើរកម្សាន្តម្តង បីគោលដៅ» ការជំរុញការតភ្ជាប់ការធ្វើដំណើរ និងការដឹកជញ្ជូនរវាងប្រទេសទាំងបី ក៏ដូចជាការផ្សព្វផ្សាយរួមនូវគោលដៅទេសចរណ៍ CLV ដើម្បីបង្កើនលំហូរភ្ញៀវទេសចរ ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងរួមសម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងបី៕ អត្ថបទ៖ហ្សាលីន