គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយានឆ្នាំ២០២៦ នៅប្រទេសចិន

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ លោក ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក (គណៈកម្មការទី៣) បានចាកចេញពីរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឆ្ពោះទៅកាន់ទីក្រុងតៃយាន ខេត្តសានស៊ី ប្រទេសចិន ដើម្បីចូលរួមក្នុង «វេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប តៃយាន ឆ្នាំ២០២៦»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់   រដ្ឋសភាកម្ពុជានៅក្នុងព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្ត «យុទ្ធសាស្ត្រការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦-២០៣០» ក៏ដូចជាការជំរុញគម្រោងអគារកាបូនទាប និងដំណើរអន្តរកាលឆ្ពោះទៅរកថាមពលស្អាតលើឆាកអន្តរជាតិ។

វេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប តៃយាន ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ «គោលដៅកាបូនពីរ ដឹកនាំការផ្លាស់ប្តូរថាមពល ការពន្លឿននវានុវត្តន៍ ដើម្បីអនាគតបៃតង» (Dual Carbon Leads Energy Transformation, Innovation Accelerates Green Future)។ វេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋ មន្ត្រីការទូតជាន់ខ្ពស់ តំណាងអង្គការសហប្រជាជាតិ ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ដូចជា Tesla និង Siemens ជាដើម ខណៈចក្រភពអង់គ្លេសត្រូវបានជ្រើសរើសជាប្រទេសភ្ញៀវកិត្តិយស។

តាមកម្មវិធីគ្រោងទុក វេទិកានេះរួមបញ្ចូលសន្និសីទអន្តរជាតិចំនួន ៥ និងវេទិកាស្របគ្នា (Parallel Forums) ចំនួន ៧ ដោយគ្របដណ្តប់លើវិស័យឯកទេសជាង ១០ ចាប់តាំងពីថាមពលប្រពៃណី ថាមពលបៃតង ប្រព័ន្ធបណ្តាញអគ្គិសនីវៃឆ្លាត រហូតដល់ហិរញ្ញវត្ថុបៃតង។

គូសបញ្ជាក់ថា ព្រឹត្តិការណ៍ឆ្នាំនេះកាន់តែមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ដោយប្រារព្ធឡើងចំខួប ១០ ឆ្នាំនៃវេទិកាតៃយាន និងស្របពេលគ្នានឹងការចាប់ផ្តើមអនុវត្តផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំ លើកទី ១៥ របស់ប្រទេសចិនផងដែរ៕