លោក ហួត ហាក់ ជំរុញឱ្យម្ចាស់អាជីវកម្ម អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ ចុះឈ្មោះក្នុងថ្នាលឌីជីថល និងស្នើសុំយកបណ្ណជំនាញ ដើម្បីទទួលបានអត្ថប្រយោជន៍ពីរាជរដ្ឋាភិបាល

សង្គម​ និង​សេដ្ឋកិច្ច

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជំរុញឱ្យម្ចាស់អាជីវកម្ម, អាជីវករ, អ្នកលក់ដូរ, បុគ្គលស្វ័យនិយោជន៍, បុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ, អ្នកផ្តល់សេវាកម្មទេសចរណ៍គ្រប់ប្រភេទ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ ធ្វើការចុះឈ្មោះក្នុងថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល និងស្នើសុំទទួលយកបណ្ណជំនាញ (Skill voucher) ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាលកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈសិក្ខាសាលា ស្តីពី «ការផ្សព្វផ្សាយការអភិវឌ្ឍសេដ្ឋ​កិ​ច្ច​​ក្រៅប្រព័ន្ធ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការពង្រឹងគុណភាព​​សេវាកម្មក្នុងវិស័យទេសចរណ៍​»​ លើកទី២ ដោយមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ ចូលរួមរហូតដល់ជាង ៣,៥០០នាក់ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។


ថ្លែងក្នុងអង្គសិក្ខាសាលា លោក ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យ​ទេសចរណ៍ និងបានថ្លែងបញ្ជាក់ជូន​បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃវិស័យទេសចរណ៍ទាំងអស់ថា ការចុះឈ្មោះក្នុងថ្នាលឌីជីថលនេះ នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗចំនួន ៤ រួមមាន៖ ទី១).អត្ថប្រយោជន៍ចំពោះផ្នែកសុខភាព ដោយបងប្អូនអាចមានលទ្ធភាពចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដើម្បីទទួលបានសេវាថែទាំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលរដ្ឋ និងឯកជន, ចំណែកបងប្អូនដែលស្ថិតក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ អាចទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃ នៅតាមមូលដ្ឋានសុខាភិបាលរដ្ឋទូទាំងប្រទេស តាមរយៈមូលនិធិសមធម៌សុខាភិបាល។ ទី២).អត្ថប្រយោជន៍សម្រាប់ការពង្រីកអាជីវកម្ម។ ទី៣).អត្ថប្រយោជន៍សម្រាប់ពង្រឹងសមត្ថភាព តាមរយៈកម្មវិធីបណ្ណជំនាញ (Skill voucher) ដែលបងប្អូន អាចទទួលបានការបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាព ជំនាញដែលមានស្រាប់ និងទទួលបានជំនាញថ្មីៗ។ និងទី៤).អត្ថប្រយោជន៍ផ្សេងៗទៀត ដែលកើតចេញពីវិធានការអន្តរាគមន៍នានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

លោកបញ្ជាក់ថា ការចុះឈ្មោះ និងការផ្តល់ព័ត៌មានឱ្យបានត្រឹមត្រូវ គឺមានសារៈសំខាន់ណាស់ ព្រោះទិន្នន័យទាំងនេះ នឹងជួយឱ្យរាជរដ្ឋាភិបាល អាចផ្តល់ការគាំទ្រដល់បងប្អូនបាន កាន់តែឆាប់រហ័ស ចំគោលដៅ និងទាន់ពេលវេលា។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបន្តថា បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ គឺជាអ្នកផ្សព្វផ្សាយទេសចរណ៍ចល័ត និងជាកម្លាំងចលករដ៏រស់រវើក ដែលកំពុងចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងរួមគ្នាកសាងអនាគតដ៏រីកចម្រើនរបស់ប្រទេសជាតិ។

សូមបញ្ជាក់ជូនថា ក្នុងក្របខ័ណ្ឌការងារជាមួយបងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យ​ទេសចរណ៍នៅខេត្តសៀមរាប វេទិកានេះ គឺជាជំនួបលើកទី២ ដោយពិធីជួបជុំលើកទី១ជាមួយបងប្អូនម្ចាស់អាជីវកម្ម, អាជីវករ, អ្នកលក់ដូរ, បុគ្គលស្វ័យនិយោជន៍, បុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ, អ្នកផ្តល់សេវាកម្មទេសចរណ៍គ្រប់ប្រភេទ និង អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ បានរៀបចំនៅរាជធានីភ្នំពេញ ដែលមានអ្នក​ចូលរួម ប្រមាណជាង ២,០០០នាក់៕