អ្នកជំនាញការជប៉ុន ប្តេជ្ញាជំរុញសហគ្រាសធុនតូច និងមធ្យមជប៉ុនឱ្យមកវិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច


អ្នកជំនាញការជប៉ុន ពីសមាគមសម្រាប់កិច្ចសហប្រតិបត្តិការ បច្ចេកទេសក្រៅប្រទេស និងភាពជាដៃគូប្រកបដោយចីរភាព (AOTS) បានបង្ហាញការប្តេជ្ញាថាជំរុញសហគ្រាសធុនតូច និងមធ្យមជប៉ុនឱ្យមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបញ្ជាក់នេះ បានធ្វើឡើងកាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្នុងជំនួបរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយអ្នកជំនាញការជប៉ុន លោក Michiaki Takahashi ពីសមាគមសម្រាប់កិច្ចសហប្រតិបត្តិការ បច្ចេកទេសក្រៅប្រទេស និងភាពជាដៃគូប្រកបដោយចីរភាព (AOTS) ដែលកំពុងបំពេញបេសកកម្មនៅកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។

ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងជម្រាបជូនអំពី គោលបំណងនៃដំណើរទស្សនកិច្ច និងបង្ហាញពីផែនការសកម្មភាពជារួមរវាងភាគីទាំងពីរ ព្រមទាំងគោរពស្នើសុំនូវអនុសាសន៍ពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សំដៅប្រែក្លាយជាធាតុចូលយុទ្ធសាស្ត្រក្នុងការបង្កើនប្រសិទ្ធភាព និងតម្រង់ទិសការងារឱ្យចំគោលដៅរំពឹងទុក។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ។ លោកថា ជំនួយរបស់ជប៉ុនបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាយុទ្ធសាស្ត្រ រួមមាន ស្ពានធំៗ ផ្លូវជាតិ និងការពង្រីកវិសាលភាព និងសមត្ថភាពកំពង់ផែទឹកជ្រៅជាដើម។

ជាការឆ្លើយតប លោក Michiaki Takahashi បានបញ្ជាក់ថា បេសកកម្មនាពេលនេះ គឺដើម្បីសិក្សានិងវាយតម្លៃលើលទ្ធភាពកិច្ចសហការក្នុងក្របខណ្ឌ BCT, តាមដានវឌ្ឍនភាពសកម្មភាពការងារ និងប្រមូលព័ត៌មានបន្ថែមពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើជាមូលដ្ឋានគ្រឹះក្នុងការរៀបចំយុទ្ធសាស្ត្រកិច្ចសហការ លើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់ BCT ឱ្យកាន់តែមានផ្លែផ្កា។ លើសពីនេះ ភាគីជប៉ុនក៏បាន បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ក្នុងការជំរុញសហគ្រាសធុនតូច និងមធ្យមជប៉ុនមកវិនិយោគនៅកម្ពុជា ព្រមទាំងការគាំទ្រដល់ការថែរក្សានិរន្តរភាព និងការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនជប៉ុនដែលមានស្រាប់ក្នុងប្រទេសកម្ពុជាផងដែរ។

សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ ភាគីទាំងពីរ ក៏បានសម្តែងនូវឆន្ទៈយ៉ាងមុតមាំក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលការងារឱ្យកាន់តែមានប្រសិទ្ធភាពរវាង ក.អ.ក. និង AOTS ក្នុងក្របខណ្ឌBCT ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាដោយចីរភាព៕អត្ថបទ៖ហ្សាលីន