រដ្ឋមន្ត្រីកសិកម្ម ចុះផ្ទាល់ស្តាប់បញ្ហាប្រឈមដល់កសិដ្ឋានចិញ្ចឹមគោ, ជ្រូក, មាន់ នៅខេត្តកំពង់ធំ

សង្គម​និង​សេដ្ឋកិច្ច

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដឹកនាំមន្ត្រីជំនាញ ចុះ​ទៅ​កសិដ្ឋានចិញ្ចឹមគោបង្កាត់សិប្បនិមិត្តជាលក្ខណៈគ្រួសាររបស់លោក សេង សុកចិត្រា នៅភូមិព្រៃស្រង៉ែ ឃុំបល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងដំណើរទស្សនកិច្ចលើកនេះ ក្រោយពី​បានស្តាប់របាយការណ៍បច្ចេកទេសរបស់ម្ចាស់កសិដ្ឋាន លោក ឌិត ទីណា បាន​ទទួល​យក​សំណូមពរ​ពី​ម្ចាស់កសិកដ្ឋាន ដែលស្នើឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទធ្វើការផ្សព្វផ្សាយជូនកសិករយល់ដឹងឱ្យទូលំទូលាយក្នុងការចិញ្ចឹមគោសិប្បនិម្មិត​។

ជាមួយ​គ្នា​នេះ នៅថ្ងៃដដែលនោះ រដ្ឋមន្ត្រីក្រសួងកសិកម្មក៏​បាន​ចុះទៅ​ពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកនិងមាន់សាច់របស់ក្រុមហ៊ុន CP សាខាខេត្តកំពង់ធំ របស់លោក ងី គីមពៅ នៅភូមិអូរកោះគគី ឃុំជ្រប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានសមត្ថភាពផលិតជ្រូកបានចំនួន ៩ ០០០ក្បាលនិងមាន់ចំនួន ៧០ ០០០ក្បាល/វគ្គចិញ្ចឹម។

លោកថា ក្រៅ​តែ​ពី​បាន​ស្វែងយល់ពីចំណុចខ្លាំង ខ្សោយ ឱកាស និងបញ្ហាប្រឈមក្នុងការចិញ្ចឹម ក៏ដូចជាប្រសិទ្ធភាពសេដ្ឋកិច្ចផងដែរ លោកជូន​យោបល់​​ដល់​ម្ចាស់​កសិដ្ឋានអំពីបញ្ហាអគ្គីសនី ដោយបានណែនាំឱ្យម្ចាស់កសិដ្ឋានទៅស្នើសុំប្រើប្រាស់អគ្គីសនីសម្រាប់បម្រើឱ្យវិស័យកសិកម្មដែលមានតម្លៃថោកជាងតម្លៃអគ្គីសនីធម្មតា៕