ក្នុងឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចេញថវិកាចំនួនជាង ២១៣ ប៊ីលានរៀល ឬសមមូលនឹងចំនួនប្រមាណជាង ៥៣ លានដុល្លារអាម៉េរិក ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដែលជាក្រុមគោលដៅនៅទូទាំងប្រទេស។

យោងតាមក្រសួងព័ត៌មានផ្សាយចេញនៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចវិភាជ ឬបញ្ចេញថវិកាក្នុងឆ្នាំ២០២៦ ចំនួនជាង ២១៣ ប៊ីលានរៀល ឬសមមូលនឹងចំនួនប្រមាណជាង ៥៣ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់ទារក និងកុមារ។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នេះ ជាកម្មវិធីដ៏សំខាន់មួយក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា។ បច្ចុប្បន្ន, កម្មវិធីនេះ បាន និងកំពុងគ្របដណ្តប់លើក្រុមគោលដៅសំខាន់ៗចំនួន ៦ នៅទូទាំងប្រទេស រួមមានស្ត្រី និងកុមារមកពី៖ (១). គ្រួសារមានបណ្ណសមធម៌, (២). កម្មករ-និយោជិតដែលជាសមាជិក ប.ស.ស, (៣). មន្ត្រីរាជការស៊ីវិល, មន្ត្រីកិច្ចសន្យា, មន្ត្រីកម្មសិក្សា, (៤). មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ, (៥). ជនជាប់ឃុំ និងកូនតាមម្តាយក្នុងពន្ធនាគារ, និង (៦). ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ-សង្កាត់។

វិសាលភាពនៃការគ្របដណ្តប់ប្រព័ន្ធគាំពារសង្គមដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ ឆ្នាំនេះ មានសន្ទុះយ៉ាងលឿននៅក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនដ៏ឈ្លាសវៃ ប្រកបដោយបញ្ញាញាណ និងថាមភាព របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយអ្នកទទួលផលបានកើនឡើងពីចំនួន ១ ១០៦ ៦៣០ នាក់ កាលពីចុងឆ្នាំ២០២៣ ដល់ ២ ២៥២ ២៦៧ នាក់ ឬមានកំណើន ១០៣,៥២% គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៦ នេះ ។
សូមជម្រាបថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នេះ ជាកម្មវិធីគោលនយោបាយអាទិភាព ១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី៕ អត្ថបទ៖ហ្សាលីន

