សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យ ហ្លួង ម៉ែ ជាផ្លូវការហើយ

សង្គម​ និង​សេដ្ឋកិច្ច

មន្ទីរពេទ្យ ហ្លួង ម៉ែ (អតីតមន្ទីរពេទ្យស្ត្រីនគរទេព) ដែលបច្ចុប្បន្នមន្ទីរពេទ្យនេះត្រូវបានអភិវឌ្ឍឱ្យក្លាយជាមន្ទីរពេទ្យថ្នាក់ជាតិ ឯកទេសព្យាបាលជំងឺមហារីក ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលព្រឹកថ្ងៃពុធ ទី១៦ កញ្ញា ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា មន្ទីរពេទ្យ ហ្លួង ម៉ែ កំពុងក្លាយជាមជ្ឈមណ្ឌលសុខាភិបាលឯកទេសដ៏សំខាន់មួយរបស់កម្ពុជា ក្នុងការពិនិត្យធ្វើរោគវិនិច្ឆ័យ វះកាត់ និងព្យាបាលជំងឺមហារីក ដោយប្រើប្រាស់បច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប និងធនធានមនុស្សជំនាញ។

សម្តេចធិបតីបន្តថា ការអភិវឌ្ឍនេះ គឺស្របនឹងទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើការពង្រឹងគុណភាព និងសមត្ថភាពប្រព័ន្ធសុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការពង្រីកសេវាសុខាភិបាលឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។

សូមរម្លឹកដែរថា មន្ទីរពេទ្យ ហ្លួង ម៉ែ (អតីតមន្ទីរពេទ្យស្ត្រីនគរទេព) ត្រូវបានបង្កើត និងដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដំបូងផ្តោតលើការពិនិត្យ និងព្យាបាលជំងឺរោគស្ត្រី។ ក្នុងអំឡុងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានទិញមន្ទីរពេទ្យនេះ ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម និងធ្ងន់ ហើយបានប្តូរឈ្មោះជា មន្ទីរពេទ្យ ហ្លួង ម៉ែ នៅឆ្នាំ២០២១។ ក្រោយស្ថានភាពកូវីដ-១៩ បានបញ្ចប់, មន្ទីរពេទ្យត្រូវបានអភិវឌ្ឍឱ្យក្លាយជាមន្ទីរពេទ្យថ្នាក់ជាតិ ឯកទេសព្យាបាលជំងឺមហារីក ដោយជួសជុលកែលម្អអគារ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដូចជា ម៉ាស៊ីនបាញ់កាំរស្មី Linac, CT-Scan, MRI, Brachytherapy, Mammography, Angiography និងឧបករណ៍ធ្វើរោគវិនិច្ឆ័យផ្សេងៗ។

ដោយឡែក បើគិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរពេទ្យបានផ្តល់សេវាពិគ្រោះជំងឺក្រៅជាង ២៣ម៉ឺននាក់ និងអ្នកជំងឺសម្រាកពេទ្យជាង២ម៉ឺននាក់ ព្រមទាំងបានរកឃើញអ្នកជំងឺមហារីកថ្មី ៣,៤២០ នាក់។ លើសពីនេះ បានចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនជាង៥ពាន់ដូស និងផ្តល់ការពិនិត្យរកមហារីកមាត់ស្បូនដោយឥតគិតថ្លៃជាង ១០ម៉ឺនករណី៕អត្ថបទ៖ហ្សាលីន