Korean Air ចុះកិច្ចព្រមព្រៀងទិញយន្តហោះ Boeing ជាង ១០០គ្រឿង តម្លៃជាង ៣៦ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សរបស់កូរ៉េខាងត្បូង Korean Air បានបញ្ចប់កិច្ចព្រមព្រៀងបញ្ជាទិញយន្តហោះ Boeing ចំនួន ១០៣ គ្រឿង ដែលមានតម្លៃ ៣៦,២ពាន់លានដុល្លារ ដែលក្នុងនោះរួមមានយន្តហោះដឹកអ្នកដំណើរធុនធំ (Wide-body) យន្តហោះដឹកទំនិញ និងយន្តហោះខ្នាតតូចផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ នៅក្នុងកិច្ចព្រមព្រៀងនោះ Korean Air នឹងបញ្ជាទិញយន្តហោះ Boeing 777-9 ចំនួន ២០ គ្រឿង Boeing 787-10 ចំនួន ២៥ គ្រឿង Boeing 737-10: ចំនួន ៥០ គ្រឿង និង Boeing 777-8 Freighter (ដឹកទំនិញ) ចំនួន ៨ គ្រឿង។

គួរឲ្យដឹងថា កញ្ចប់វិនិយោគសរុបត្រូវបានគេរាយការណ៍មានតម្លៃរហូតដល់ ៤៤,៨ពាន់លានដុល្លារឯណោះ រួមបញ្ចូលទាំងកិច្ចព្រមព្រៀងទិញម៉ាស៊ីនបម្រុងចំនួន ២១ គ្រឿង តម្លៃ ៨,៦ពាន់លានដុល្លារ ពីក្រុមហ៊ុន GE Aerospace និង CFM International ព្រមទាំងកិច្ចព្រមព្រៀងថែទាំម៉ាស៊ីនរយៈពេល ១៥ឆ្នាំ លើប្រភេទយន្តហោះតួខ្លួនធំចំនួន ២៨ គ្រឿងផងដែរ។

ជម្រាបជូនថា ការវិនិយោគដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Korean Air នេះ ធ្វើឡើងដើម្បីគាំទ្រដល់ការពង្រីកជើងហោះហើររយៈពេលវែង បន្ទាប់ពីមានការរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន Asiana Airlines និងដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ប្រេងឥន្ធនៈ៕​