ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញមោទនភាពពីភាពជោគជ័យនៃការប្រឆាំង និងបង្ក្រាបបទល្មើសស្កេម រហូតធ្វើឱ្យកម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំសន្និសីទស្តីពីការបង្ក្រាបបទល្មើសស្កេម។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងបែបនេះ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» ដែលជាមន្ទីរពេទ្យផ្តល់សេវាព្យាបាលជំងឺមហារីក។
នាឱកាសនោះ សម្តេចធិបតី បានបញ្ជាក់ថា កម្ពុជា បានប្រែក្លាយពីប្រទេសមួយដែលគេចោទពីរឿង Scam Online រហូតមានការទទួលស្គាល់ពីអន្តរជាតិ និងអង្គការអន្តរជាតិធំៗទៅលើភាពជោគជ័យនៃការប្រយុទ្ធប្រឆាំង Scam Online។ជាក់ស្តែង សម្តេចធិបតីបញ្ជាក់ថា នៅថ្ងៃទី២៣-២៤ ខែកញ្ញា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្តីពីការបង្ក្រាបបទល្មើសស្កេម ខណៈ សម្តេចធិបតី ចាត់ទុកការធ្វើម្ចាស់ផ្ទះសន្និសីទនេះ គឺជាកិត្តិយសមួយសម្រាប់កម្ពុជា ប្រែពីប្រទេសរងការវាយប្រហារដូចជាបាវសាក់ ទៅជាកន្លែងជាជជែកលើការបង្ក្រាបស្កេម។
ជាមួយគ្នានេះ សម្តេចធិបតី ក៏អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។ទន្ទឹមគ្នានេះ សម្តេចក៏បានប្រកាន់ជំហរថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។
គួរជម្រាបថា កាលពីពាក់កណ្តាលឆ្នាំ ២០២៥ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមអនឡាញតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ជាដល់សមត្ថកិច្ចពាក់ព័ន្ធធ្វើការបង្ក្រាបនៅទូទាំងប្រទេស ដើម្បីបោសសម្អាតក្រុមជនឆបោកទាំងនោះឱ្យអស់ពីកម្ពុជា ដើម្បីស្តារមុខមាត់កម្ពុជាដែលរងការចោទប្រកាន់ពីអន្តរជាតិឡើងវិញ៕អត្ថបទ៖ហ្សាលីន

