ឧបនាយករដ្ឋមន្រ្ដី កើត រិទ្ធ រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ បានគូសបញ្ជាក់ថា ការស្នើរៀបចំធ្វើវិសោធនកម្មច្បាប់ដើម្បីដកហូតសញ្ជាតិពីជនទាំងឡាយណាដែលឃុបឃិតជាមួយបរទេស បំផ្លាញជាតិខ្មែរ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្ដិសុខជាតិ ត្រូវបានធ្វើឡើងដោយមានចំណុចពិសេស២យ៉ាង ដែលមិនធ្លាប់មានក្នុងប្រវត្ដិសាស្រ្ដកម្ពុជា ក្នុងការធ្វើវិសោធនកម្មច្បាប់ទាំង១០លើកកន្លងទៅ។

លើកឡើងនៅចំពោះមុខប្រធានរដ្ឋសភា នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្រ្ដី កើត រិទ្ធ បានលើកឡើងថា «នេះគឺជាលើកទី១ នៅក្នុងប្រវត្ដិនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយហេតុថា ការធ្វើវិសោធនកម្មច្បាប់ទាំង១០លើកកន្លងមកគឺជាការផ្ដើមគំនិតដាច់ដោយឡែកពីគ្នា ពីរដ្ឋសភា ឬពីរាជរដ្ឋាភិបាល»។
រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ បានបន្ដថា សម្រាប់ការធ្វើវិសោធនកម្មច្បាប់លើកទី១១នេះ គឺជាការផ្ដើមគំនិតរួមគ្នារវាងរដ្ឋសភា និងរាជរដ្ឋាភិបាល ដែលសម្ដេចប្រធានរដ្ឋសភាតាមសេចក្ដីស្នើរបស់តំណាងរាស្រ្ដទាំង១២៥រូប និងសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានធ្វើលិខិតរួមគ្នាក្រាបបង្គំទូលថ្វាយព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដើម្បីផ្ដើមគំនិតក្នុងការធ្វើវិសោធកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ។
លោករដ្ឋមន្រ្ដី បានបន្ថែមថា ការធ្វើវិសោធនកម្មលើកឡើងនេះក៏មានចំណុចពិសេសមួយទៀត ដោយហេតុថា ជាលើកទី១ក្នុងប្រវត្ដិសាស្រ្ដ ដោយតំណាងរាស្រ្ដទាំងអស់នៃរដ្ឋសភា និងពីគ្រប់គណបក្សនយោបាយទាំងអស់ដែលមានអាសនៈនៅក្នុងរដ្ឋសភាបានរួមគ្នាធ្វើសេចក្ដីស្នើសុំវិសោធនកម្មច្បាប់មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ។
រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ គូសបញ្ជាក់ថា មូលហេតុសំខាន់សម្រាប់ ការធ្វើសកម្មភាពរួមគ្នាជាធ្លុងមួយទាំងពីសំណាក់ស្ថាប័នរដ្ឋសភា និងរាជរដ្ឋាភិបាល និងទាំងពីសំណាក់តំណាងរាស្រ្ដទាំង១២៥រូប ស្មើនឹង១០០% ពីគ្រប់គណបក្សនយោបាយទាំងអស់ដែលមានអាសនៈនៅក្នុងរដ្ឋសភានាពេលនេះ គឺបានឆ្លុះបញ្ចាំងអំពីសារៈសំខាន់នៃការធ្វើវិសោធនកម្មច្បាប់ក្នុងការបម្រើឱ្យឧត្ដមប្រយោជន៍ដ៏សំខាន់សម្រាប់ប្រទេសជាតិមាតុភូមិ និងប្រជាជនកម្ពុជា៕





