ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់មួយសម្រាប់វិស័យស្រូវអង្ករកម្ពុជា ដោយកម្ពុជាបានសម្រេចការនាំចេញអង្ករតាមទម្រង់ដឹកជញ្ជូនជាបរិមាណច្រើន ១០ពាន់តោន ទៅកាន់ប្រទេសហ្វីលីពីនជាលើកដំបូង។

ពិធីចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៦ រវាង លោក ចាន់ សីហា និងលោក ប៉ិច សានី អគ្គនាយករងធនាគារARDB លើកិច្ចសន្យាទិញ លក់អង្ករចំនួន១០ពាន់តោនទៅកាន់ប្រទេសហ្វីលីពីន រវាងក្រុមហ៊ុនCity Rice Import Export និងក្រុមហ៊ុន DILAI TRADING CO. PTE. LTD។
នៅព្រឹកថ្ងៃពុធទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ ក៏បានធ្វើនូវពិធីសម្ពោធជាផ្លូវការនៃការដឹកជញ្ជូនអង្ករជាផ្លូវការតាមផ្លូវទឹក (នាវា) នាកំពង់ផែក្រុងព្រះសីហនុ ទៅកាន់ប្រទេសហ្វីលីពីន និងការដឹកជញ្ជូនអង្ករ ១០ ០០០ តោន ជាផ្លូវការតាមផ្លូវទឹក (នាវា) ក្រោមអធិបតីភាព លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់មួយសម្រាប់វិស័យស្រូវអង្ករកម្ពុជា ដោយនេះគឺជាការនាំចេញអង្ករកម្ពុជាតាមទម្រង់ដឹកជញ្ជូនជាបរិមាណច្រើន ទៅកាន់ប្រទេសហ្វីលីពីនជាលើកដំបូងផងដែរ។
ជោគជ័យនេះ ត្រូវបាន ឧកញ៉ា ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import Export អះអាងថា គឺពិតជាបង្ហាញឱ្យឃើញពីការកើនឡើងនៃទំនុកចិត្តរបស់អ្នកទិញអន្តរជាតិចំពោះគុណភាព សុវត្ថិភាព និងសមត្ថភាពផ្គត់ផ្គង់របស់អង្គរកម្ពុជា។ ទន្ទឹមនឹងនេះ ក៏បញ្ជាក់ពីសមត្ថភាព របស់ក្រុមហ៊ុនកម្ពុជាក្នុងការរៀបចំ កែច្នៃ គ្រប់គ្រងគុណភាព និងដឹកជញ្ជូនអង្ករបរិមាណច្រើនទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈ៕




