ខេត្តកំពង់ចាម បានបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗ សម្បទាគាំទ្រវិស័យទេសចរណ៍ និងជំរុញការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដែលមានភាពទាក់ទាញ ស្របតាម «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ចាម ឆ្នាំ២០២៦-២០៣០» ដើម្បីក្លាយជាគោលដៅសម្រាកកាយចុងសប្តាហ៍ដ៏ស័ក្តិសមបំផុតសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទទួលយកបទពិសោធថ្មីៗ និងសម្បូរបែបដែលមិនអាចបំភ្លេចបាន។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី១៦ ខែកញ្ញា ក៏បានប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ចាម ឆ្នាំ២០២៦-២០៣០»។ ផែនការនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងជាការបង្ហាញឱ្យឃើញនូវឆន្ទៈរបស់ខេត្តក្នុងការប្រែក្លាយសក្តានុពលដែលមានស្រាប់ ឱ្យទៅជាផលិតផល និងបទពិសោធទេសចរណ៍ដែលមានតម្លៃបន្ថែមខ្ពស់។

លោក ហួត ហាក់ បានឱ្យដឹងថា សមិទ្ធផលរឹង និងទន់ទាំងនេះ មិនត្រឹមតែបានលើកកម្ពស់ជីវភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹង និងពង្រីកការតភ្ជាប់ទៅកាន់គោលដៅទេសចរណ៍ និងតំបន់សេដ្ឋកិច្ចសំខាន់ៗ បង្កើតបរិយាកាសកាន់តែអំណោយផលសម្រាប់ការធ្វើធុរកិច្ច ការវិនិយោគ និងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាពផងដែរ។

លោកបន្ថែមថា រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តកំពង់ចាម បាននិងកំពុងយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ តាមរយៈការពង្រឹងគុណភាពសេវាកម្ម បដិសណ្ឋារកិច្ច អនាម័យ សោភ័ណភាព និងសុវត្ថិភាពទេសចរណ៍ សំដៅបង្កើនភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ វឌ្ឍនភាពដ៏ឆាប់រហ័សនេះ បានរួមចំណែកធ្វើឱ្យខេត្តកំពង់ចាម មិនត្រឹមតែក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាច្រកតភ្ជាប់យុទ្ធសាស្ត្ររវាងរាជធានីភ្នំពេញ និងបណ្ដាខេត្តភូមិភាគឦសានផងដែរ។

លោកក៏បានកត់សម្គាល់ និងកោតសរសើរចំពោះគំនិតផ្តួចផ្តើម និងគម្រោងអភិវឌ្ឍន៍សំខាន់ៗរបស់ខេត្តកំពង់ចាម ដែលនឹងលេចរូបរាងឡើងនៅពេលឆាប់ៗខាងមុខនេះ ដែលនឹងចូលរួមទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានកាន់តែច្រើនឡើងបន្ថែមទៀត រួមមាន៖ កំពង់ផែទេសចរណ៍ដែកបណ្ដែតទឹក, មជ្ឈមណ្ឌលបដិសណ្ឋារកិច្ចទេសចរណ៍, ការជួសជុលកែលម្អច្រាំងទន្លេ និងការរៀបចំសួនតេជោធិបតី ព្រមទាំងការរៀបចំផ្លូវថ្មើរជើងផងដែរដែលជំរុញសកម្មភាពទេសចរណ៍នាពេលរាត្រី។ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងសម្បទាគាំទ្រដែលមានភាពច្នៃប្រតិដ្ឋ ព្រមទាំងគម្រោងសាងសង់រូបសំណាកដែលជាអត្តសញ្ញាណខេត្ត គឺជាផលិតទេសចរណ៍ដែលមានភាពទាក់ទាញ និងមានតម្លៃបន្ថែមខ្ពស់សម្រាប់វិស័យទេសចរណ៍។

