សម្តេចធិបតី ហ៊ុន ម៉ាណែត ថាកម្ពុជាបានលុបបំបាត់ទាំងស្រុងនូវរាល់ទីតាំងឆបោកខ្នាតធំនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កម្ពុជាបានលុបបំបាត់ទាំងស្រុងនូវរាល់ទីតាំងឆបោកខ្នាតធំក្នុងព្រះរាជាណាចក្រកម្ពុជា ខណៈកម្ពុជានៅតែបន្តប្តេជ្ញាចិត្តខ្ពស់ក្នុងការបោសសំអាត និងឈានទៅកម្ទេច​ឱ្យអស់ទាំងស្រុងនូវសកម្មភាពបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីលើទឹកដីកម្ពុជាបន្ថែមទៀត។សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះនៅក្នុងពិធីបើកសន្និសីទដ៏មានសារៈសំខាន់នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា កម្ពុជាបានលុបបំបាត់ទាំងស្រុងនូវរាល់ទីតាំងឆបោកខ្នាតធំក្នុងព្រះរាជាណាចក្រកម្ពុជា បើទោះជាក្រុមឧក្រិដ្ឋជនព្យាយាមបំបែកខ្លួនទៅជាឧក្រិដ្ឋកម្មតូចៗ និងប្រតិបត្តិការដោយមិនមានមជ្ឈមណ្ឌលកណ្ដាល ហើយថែមទាំងកំណត់គោលដៅឆបោកមកលើប្រជាពលរដ្ឋខ្មែរក៏ដោយ ក៏កងកម្លាំងអនុវត្តច្បាប់របស់យើងនៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួនជានិច្ចដើម្បីបង្ក្រាប និងលុបបំបាត់ឱ្យបានភ្លាមៗនូវរាល់ការគំរាមកំហែងដែលកំពុងកើតឡើង។

សូមជម្រាប់ដែរថា ពីប្រទេសដែលបានប្រយុទ្ធប្រឆាំង និងបង្ក្រាបដ៏ខ្លាំងក្លាលើជម្រកបទល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬហៅស្កេម ដែលជាបញ្ហាស្មុគស្មាញមួយរបស់ពិភពលោក​នោះ កម្ពុជា ទទួលបានសេចក្តីទុកចិត្តផ្តល់តួនាទីឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរ​ជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សន្និសីទកម្រិតអន្តរជាតិមួយនេះធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ផ្តើមនៅថ្ងៃទី២៣ ហើយបិទ​បញ្ចប់នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។ សន្និសីទនេះធ្វើឡើង​ក្រោមប្រធានបទ «រួមគ្នា​ឆ្ពោះ​​ទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្កែមអនឡាញ» ដែល​ឆ្លុះបញ្ចាំងឱ្យឃើញនូវការប្តេជ្ញាចិត្តខ្ពស់របស់ពិភពលោកក្នុងការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សន្និសីទនេះ ក៏មានការអញ្ជើញចូលរួមពី​គណៈប្រតិភូ រួម​មាន​ថ្នាក់​ដឹកនាំ​កម្រិត​រដ្ឋ​មន្ត្រី​មក​ពី១៦ប្រទេស និង​មន្ត្រី​បច្ចេកទេស​មកពី ១៤ប្រទេស​បន្ថែម​ទៀត ព្រម​ទាំង​តំណាងពី​អង្គ​ការ​​នគរបាល​ព្រហ្ម​ទណ្ឌ​អន្តរជាតិ (Interpol) និង​ការិយាល័យ​អង្គ​ការសហ​ប្រជា​ជាតិ​ស្តីពី​គ្រឿងញៀន និង​ឧក្រិដ្ឋ​កម្ម (UNODC)។ ប្រទេស​ដែល​ចូល​រួម​មាន​កម្ពុជា​ជា​ម្ចាស់​ផ្ទះ ចិន សហរដ្ឋអាមេរិក ដែល​មាន​ការ​ចូល​រួមពី FBI មួយ​ផ្នែក និង​ចក្រភព​អង់គ្លេស ព្រម​ទាំង​​គណៈប្រតិភូ​មកពី​បណ្តា​ប្រទេស​នៅ​ទូ​ទាំង​អាស៊ី​៕អត្ថបទ៖ហ្សាលីន